ប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះ បានប្រាប់ថា ខ្លួនយល់ពីការសម្រេចរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការចាប់ផ្តើមពិនិត្យឡើងវិញជាផ្លូវការ សម្រាប់កតិកាសញ្ញានាវាមុជទឹករបស់សម្ព័ន្ធ AUKUS ដោយលើកឡើងវិញនូវជំហររបស់ទីក្រុងឡុងដ្រ៍ថា គម្រោងនេះ គឺមានសារៈសំខាន់ ចំពោះសន្តិភាព និងសន្តិសុខ។
នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេស បានបង្ហាញព័ត៌មានលម្អិតនៃផែនការផ្តល់ឲ្យប្រទេសអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរ ចាប់ពីដើមទសវត្សរ៍ឆ្នាំ២០៣០ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កាលពីថ្ងៃពុធ មន្ត្រីមន្ទីរបញ្ចកោណ បានប្រាប់ថា រដ្ឋបាលកំពុងពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀង AUKUS ដើម្បីធានាបានថា កតិកាសញ្ញានោះ ត្រូវបានធ្វើឡើង «ស្របតាមរបៀបវារៈអាមេរិកទី១ របស់ប្រធានាធិបតីអាមេរិក»។
នៅពេលត្រូវបានសួរ អំពីការពិនិត្យឡើងវិញនេះ អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា៖ «ដូចដែលយើងបាននិយាយរួចមកហើយថា វាអាចយល់បានពីអ្វី ដែលរដ្ឋបាលថ្មីចង់ពិនិត្យឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួន ចំពោះភាពជាដៃគូដ៏សំខាន់បែបនេះ»។
អ្នកនាំពាក្យរូបនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «សម្ព័ន្ធ AUKUS គឺជាភាពជាដៃគូសន្តិសុខ និងការពារជាតិដ៏សំខាន់ដែលមានសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើងទាំង២ ហើយវាជាភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលគាំទ្រសន្តិភាព និងសន្តិសុខ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុប-អាត្លង់តិច»៕