ក្រុមអ្នករៀបចំ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា អាជ្ញាធរអេហ្ស៊ីប បានឃុំខ្លួនសកម្មជនគាំទ្រប៉ាឡេស្ទីនជាង ២០០នាក់ នៅទីក្រុងគែរ មុនពេលមានការដើរក្បួនអន្តរជាតិដែលត្រូវបានគ្រោងទុក ក្នុងគោលបំណងទាមទារឲ្យបញ្ឈប់ការរាំងខ្ទប់របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
អ្នកនាំពាក្យនៃក្រុមរៀបចំការហែក្បួននេះ លោក Saif Abukeshek បានប្រាប់សារព័ត៌មាន AFP ថា៖ «អ្នកចូលរួមជាង ២០០នាក់ ត្រូវបានឃុំខ្លួន នៅអាកាសយានដ្ឋាន Cairo ឬនាំទៅសាកសួរ នៅសណ្ឋាគារនានាទូទាំងទីក្រុងគែរ»។
លោកបានបន្ថែមថា អ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមានជនជាតិនានា មកពីសហរដ្ឋអាមេរិក អូស្ត្រាលី ហូឡង់ បារាំង អេស្ប៉ាញ ម៉ារ៉ុក និងអាល់ហ្សេរី។
ក្រុមសកម្មជនបានគ្រោងធ្វើដំណើរទៅកាន់ច្រកព្រំដែន Rafah របស់អេហ្ស៊ីប ជាមួយតំបន់ហ្កាហ្សា ដើម្បីទាមទារឲ្យមានជំនួយមនុស្សធម៌ចូល និងការបញ្ចប់ការរាំងខ្ទប់របស់អ៊ីស្រាអែលទៅលើតំបន់ដែលត្រូវបានឡោមព័ទ្ធមួយនេះ។
លោក Abukeshek បាននិយាយថា នគរបាលស្លៀកពាក់ស៊ីវិល បានចូលសណ្ឋាគារក្នុងទីក្រុងគែរ កាលពីថ្ងៃទី១១ ខែមិថុនា ដោយមានបញ្ជីឈ្មោះ សាកសួរសកម្មជន ហើយក្នុងករណីខ្លះ រឹបអូសទូរសព្ទដៃ និងឆែកឆេររបស់របរផ្ទាល់ខ្លួន។ លោកបានបន្ថែមថា៖ «បន្ទាប់ពីសួរចម្លើយ អ្នកខ្លះត្រូវបានចាប់ខ្លួន ហើយអ្នកខ្លះទៀតត្រូវបានដោះលែង»។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ខែមិថុនា អ្នករៀបចំបានប្រាប់ថា អ្នកចូលរួមប្រហែល ៤.០០០នាក់ មកពីជាង ៤០ប្រទេស «បានកក់សំបុត្រយន្តហោះ» ធ្វើដំណើរទៅកាន់ទីក្រុងគែរ ដោយមនុស្សជាច្រើន បានទៅដល់មុនការហែក្បួនដែលបានគ្រោងទុក នៅថ្ងៃទី១៣ ខែមិថុនា៕