ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១២ មិថុនា ថា លោកសង្ឃឹមថានឹងដាក់សម្ពាធលើប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងកិច្ចប្រជុំកំពូល G7 នាពេលខាងមុខ ដើម្បីដាក់ចេញនូវការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ខណៈកិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរនៅតែជាប់គាំង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv លោក Zelensky បាននិយាយថា លោកពឹងផ្អែកលើការសន្ទនាជាមួយប្រធានាធិបតីលោកTrump នៅG7 ។ កញ្ចប់ទណ្ឌកម្មនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ។ការសម្រេចចិត្តចុងក្រោយគឺនៅតែស្ថិតក្នុងកណ្ដាប់ដៃសេតវិមាននៅឡើយ។

ការអត្ថាធិប្បាយរបស់លោក Zelensky បានកើតឡើងស្របពេលទីក្រុងមូស្គូ (Moscow) និងទីក្រុង គីវ (Kyiv) បន្តការចរចា ដោយថ្មីៗនេះនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដែលរហូតមកដល់ពេលនេះបានផ្តល់លទ្ធផលតិចតួចលើសពីការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ។ រុស្ស៊ី បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងការវាយលុកអ៊ុយក្រែនរយៈពេលជាងបីឆ្នាំមកនេះ។
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះប្រទេសរុស្ស៊ី ប៉ុន្តែក៏មិនសប្បាយចិត្តចំពោះប្រទេសអ៊ុយក្រែនផងដែរ ចំពោះការខកខានពុំបានឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា លោកគិតថាកិច្ចព្រមព្រៀងអាចត្រូវបានធ្វើឡើង។លោកបានប៉ាន់ប្រមាណថា មនុស្សរហូតដល់៦.០០០នាក់បានស្លាប់ក្នុងមួយសប្តាហ៍ក្នុងជម្លោះនេះ រួមទាំងជនស៊ីវិល ដោយសារការវាយប្រហារដោយមីស៊ីល៕


