បាល់ទាត់៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ralf Rangnick បានបញ្ជាក់ថា ស្ថានភាពរបស់ក្រុមបានវិលមកសភាពធម្មតាវិញហើយក្រោយផ្ទុះឆ្លង Covid-19 ក្នុងក្លិបមួយរយៈចុងក្រោយ។ ករណីឆ្លងត្រូវបានរកឃើញច្រើននៅក្នុងក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ និងឈានដល់ការលើកពេលប្រកួតទល់នឹង Brentford និង Brighton។

បន្ទាប់ពីរយៈពេល ១៦ថ្ងៃកន្លងផុតទៅនេះក្រុមរបស់លោក Ralf Rangnick មិនមានបញ្ហាអ្វីធំដុំក្នុងក្រុមឡើយមុនការប្រកួតទល់នឹង Newcastle នៅថ្ងៃទី២៧ ខែធ្នូនេះ ខណៈកីឡាករដែលមានបញ្ហាមានតែម្នាក់គត់គឺ Paul Pogba ដែលកំពុងមានរបួស។ អតីតអ្នកចាត់ការ Leipzig រូបនេះបានបញ្ជាក់ថា កីឡាកររបស់លោកមានស្ថានភាពល្អប្រសើរ នៅពេលនេះពួកគេបានធ្វើការហ្វឹកហាត់នៅផ្ទះរៀងៗខ្លួនបានល្អ ហើយនៅពេលនេះពួកគេបានហ្វឹកហាត់រួមគ្នាវិញនៅទីលាន Carrington ដែលត្រូវបានបិទខ្ទប់ជាង ១០ថ្ងៃកន្លងទៅនេះ។ Manchester United កំពុងឈរលេខ ៦ ក្នុងតារាងមាន ២៧ពិន្ទុក្រោយលេងបាន ១៦ប្រកួត៕
អត្ថបទ៖នាង សុភាវុធ