មន្ត្រីអាមេរិក និងអ៊ីស្រាអែល កំពុងត្រៀមខ្លួនសម្រាប់អ្វីដែលពួកគេពណ៌នាថាជាការវាយប្រហារសងសឹកជិតមកដល់ និងអាចពោពេញដោយការបំផ្លិចបំផ្លាញពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានបញ្ជាក់ការវាយប្រហារគ្រោងទុករបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយនៅថ្ងៃសុក្រទី ១៣ ខែមិថុនាសប្ដាហ៍នេះថា ការវាយប្រហារពីអ៊ីរ៉ង់ដោយមីស៊ីលនិងយានដ្រូន UAV ប្រឆាំងនឹងរដ្ឋអ៊ីស្រាអែលនិងប្រជាជនស៊ីវិលរបស់ខ្លួនត្រូវគេរំពឹងទុកក្នុងពេលឆាប់ៗ ។

បេសកជនពិសេសតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីDonald Trump គឺលោក Steve Witkoff បានប្រាប់សមាជិកព្រឹទ្ធសភាសាធារណរដ្ឋថា បើអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយនោះ ការឆ្លើយតបរបស់សាធារណរដ្ឋអ៊ីរ៉ង់អាចនាំឱ្យមានព្រឹត្តិការណ៍ស្លាប់ និងរបួសយ៉ាងច្រើន។

លោក Trump បានព្រមានពីឱកាសនៃជម្លោះដ៏ធំស្របពេលភាពតានតឹងក្ដៅបំផុតរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល។យោងតាមគេហទំព័រព័ត៌មាន Axios ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិក និងប្រភពដឹងបញ្ហានេះ លោក Witkoff បានប្រាប់សមាជិកសភាក្នុងសន្និសីទបិទទ្វារកាលពីសប្តាហ៍មុនថា ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលគឺនៅលើតុ ប្រសិនបើការចរចាឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរបរាជ័យ។
លោក Witkoff ត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសអូម៉ង់នៅថ្ងៃអាទិត្យសប្ដាហ៍នេះ សម្រាប់ជុំចុងក្រោយនៃកិច្ចចរចាដែលកំពុងបន្តរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។ សារព័ត៌មាន Axios បានរាយការណ៍ថាលោក Witkoff បានលើកឡើងពីប្រធានបទនៃសមត្ថភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចប្រជុំនោះ ហើយបានអះអាងថា អាមេរិក មានការបារម្ភថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល អាចរងការវាយលុកខ្លាំងលើសលប់ដោយមីស៊ីលរាប់រយគ្រឿងរបស់អ៊ីរ៉ង់៕
