មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ថា ខ្លួនពុំទាន់បានមើលឃើញទិន្នន័យសុវត្ថិភាពភ្លាមៗណាមួយដែលតម្រូវឱ្យផ្អាកជើងហោះហើរយន្តហោះ Boeing 787 បន្ទាប់ពីឧបទ្ទវហេតុយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានសម្លាប់មនុស្សជាង២៤០នាក់។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy និងប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធស្តីទី លោក Chris Rocheleau បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មាន ដោយបាននិយាយថា ពួកគេបានឃើញវីដេអូនៃការធ្លាក់យន្តហោះនៅក្នុងប្រទេសឥណ្ឌា។

លោក Duffy បាននិយាយថា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដោយមានការគាំទ្រពីក្រុមហ៊ុន Boeing និងក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ GE Aerospace នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា។
លោក Duffy បាននិយាយថារដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) កំពុងពិនិត្យមើលឡើងវិញព័ត៌មានជាមួយក្រុមហ៊ុន Boeing និងក្រុមហ៊ុនផលិតម៉ាស៊ីន GE ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការធ្លាក់យន្តហោះនៅឥណ្ឌា។ លោក Duffy បានសង្កត់ធ្ងន់ទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិកថា «នឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តការណែនាំសុវត្ថិភាពណាមួយដែលអាចកើតឡើងនោះទេ។ យើងនឹងធ្វើតាមការពិត និងដាក់សុវត្ថិភាពជាចម្បង»។