មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីព្រហស្បតិ៍ ទី១២ ខែមិថុនា បានទាមទារយ៉ាងខ្លាំងនូវបទឈប់បាញ់បន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍ ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា និងដំណើរការដឹកជញ្ជូនជំនួយ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើសិទ្ធិវេតូលើកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ កាលពីសប្តាហ៍មុន។

មហាសន្និបាត ដែលមានសមាជិកចំនួន១៩៣រូប បានអនុម័តសេចក្តីសម្រេចទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរដែលត្រូវបានឃុំឃាំងនៅតំបន់ហ្កាហ្សាដោយក្រុមហាម៉ាស និងបញ្ជូនត្រឡប់ទៅវិញអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល និងដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា។ ឯកសារនេះ ទទួលបានសំឡេងគាំទ្រចំនួន១៤៩សំឡេង ខណៈប្រទេសចំនួន១៩ បានអនុប្បវាទ ហើយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសចំនួន១០ផ្សេងទៀតបានបោះឆ្នោតប្រឆាំង។

សេចក្តីសម្រេចនេះបាន «ថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ភាពស្រេកឃ្លានរបស់ជនស៊ីវិលជាវិធីសាស្រ្តនៃសង្គ្រាម និងការបដិសេធដោយខុសច្បាប់នូវដំណើរការមនុស្សធម៌ និងការដកសិទ្ធិជនស៊ីវិល ពីការទទួលបានរបស់របរដែលមិនអាចខ្វះបានសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ រួមទាំងការរារាំងការផ្គត់ផ្គង់ជំនួយដោយចេតនា»។ លោក Danny Danon ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល បាននិយាយទៅកាន់មហាសន្និបាតថា នេះគឺជាការ «មួលបង្កាច់»។ លោក បានជំរុញប្រទេសនានាកុំឲ្យចូលរួម ដែលនេះធ្វើឲ្យខូចប្រយោជន៍ដល់ការចរចាចំណាប់ថ្នូរ ហើយពុំបានថ្កោលទោសក្រុមហាម៉ាស។
សេចក្តីសម្រេចរបស់មហាសន្និបាត មិនជាប់កាតព្វកិច្ចទេ ប៉ុន្តែមានទម្ងន់ខណៈឆ្លុះបញ្ជាំងពីទស្សនៈពិភពលោកស្តីពីសង្គ្រាម។ ការទាមទារកាលពីពេលមុនដោយស្ថាប័ននេះ សម្រាប់ការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន មិនត្រូវបានគេអើពើឡើយ។