ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្ដិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីគយ ពិនិត្យមើលនូវរថយន្តម៉ាកលុចស៊ីស (Lexus Nx 200t) ប្រើប្រាស់ស្លាកលេខខុសច្បាប់មួយគ្រឿង បន្ទាប់ពីមានសំណើរបស់ប្រជាពលរដ្ឋ តាមបណ្ដាញសង្គមហ្វេសប៊ុក ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ាង សុទ្ធាយុត្ដិ បានបំភ្លឺថា ចំពោះផ្លាកលេខរថយន្ត “ភ្នំពេញ 2AQ-1333” ដែលបំពាក់លើរថយន្តម៉ាក Hyundai Venue បានចុះបញ្ជីប្រើប្រាស់ផ្លាកលេខស្របច្បាប់ ក្នុងឆ្នាំ២០២១ ។ ចំណែកផ្លាកលេខដូចគ្នានេះ ដែលបំពាក់លើរថយន្ត Lexus Nx 200t ជារថយន្តបំពាក់ស្លាកលេខមិនស្របច្បាប់ ក្លែងក្លាយ ដែលផ្ទុយពីខ្លឹមសារនៃអនុក្រឹត្យ ស្តីពី ការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និងបំបាក់ផ្លាកលេខសម្គាល់យានជំនិះ ។
លោក បន្តថា អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយ ដើម្បីបញ្ចៀសការភាន់ច្រឡំជាសាធារណៈ ជាពិសេសសូមនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីគយ មេត្តាជួយពិនិត្យចាត់ចែងតាមវិធានការច្បាប់ ។
កាលពីថ្មីៗនេះ មានហ្វេសប៊ុកមួយ ឈ្មោះអ្នកប្រមាញ់ចរាចរណ៍ បានស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញ រាល់ការដាក់ឲ្យប្រើប្រាស់ស្លាកលេខដែលបានចុះបញ្ជីត្រឹមត្រូវ សម្រាប់យានយន្តស្របច្បាប់ ជៀសវាងការចេញលេខឲ្យប្រើប្រាស់ស្ទួនដង សម្រាប់រថយន្តម្ចាស់ផ្សេងៗគ្នា ។ ពោលគឺស្លាកលេខមួយដូចគ្នា ១០០ភាគរយ តែមានម្ចាស់ច្រើននាក់ សម្រាប់រថយន្តផ្សេងៗគ្នា ៕



