បាល់ទាត់៖ ខ្សែប្រយុទ្ធ Crystal Palace, Wilfried Zaha ត្រូវបានកោះហៅចូលក្រុមជំរើសជាតិកូឌីវ័រ សំរាប់ការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations នៅទឹកដីកាម៉េរូនខែក្រោយនេះ។ ការកោះហៅចូលក្រុមជំរើសជាតិមិនគួរជារឿងភ្ញាក់ផ្អើលទេ តែកីឡាករវ័យ ២៩ឆ្នាំរូបនេះកាលពីខែវិច្ឆិកា ស្នើសុំមិនចូលរួមជាមួយក្រុមជំរើសជាតិសំរាប់ការប្រកួតវគ្គជំរុះ World Cup។

យ៉ាងណាក្តីអ្នកចាត់ការ Crystal Palace លោក Patrick Vieira បញ្ជាក់ថា គ្មានបញ្ហាទេសំរាប់ Zaha គេចង់លេងឱ្យក្រុមជំរើសជាតិកូឌីវ័រធម្មតា។ ដោយឡែកសំរាប់ខ្សែការពារ Manchester United, Eric Bailly ក៏ត្រូវបានកោះហៅផងដែរតែមិត្តរួមក្រុម Amad Diallo មិនត្រូវបានកោះហៅទេ។ កីឡាករវ័យ ១៩ឆ្នាំ Amad Diallo លេងបានតែ ១ប្រកួតប៉ុណ្ណោះឱ្យ Manchester United រដូវកាលនេះក្នុងជំនួបស្មើគ្នា ១-១ ទល់នឹង Young Boys នៅ UCL កាលពីដើមខែ។ កូឌីវ័រស្ថិតក្នុងពូល E នៃព្រឹត្តិការណ៍ Africa Cup of Nations នេះជាមួយហ្គីណេ សេរ៉ាឡេអុង និងក្រុមការពារជើងឯកអាល់ហ្សេរី៕
អត្ថបទ៖នាង សុភាវុធ