ក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី បានថ្កោលទោសការលុកលុយរបស់អ៊ីស្រាអែល នៅភាគខាងត្បូងស៊ីរី ដោយនិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សម្នាក់ និងចាប់ពង្រត់មនុស្ស ៧នាក់ផ្សេងទៀត ដោយបានហៅទង្វើនេះថា ជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ»លើអធិបតេយ្យភាពរបស់ប្រទេសនេះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងបញ្ជាក់ថា ការបង្កហេតុម្តងហើយម្តងទៀតទាំងនេះ គឺជាការរំលោភលើអធិបតេយ្យភាពនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី» ដោយបន្ថែមថា «ការអនុវត្តទាំងនេះ មិនអាចនាំឲ្យតំបន់នេះ មានស្ថិរភាពទេ ហើយនឹងនាំឲ្យមានភាពតានតឹង និងចលាចលបន្ថែម ទៀត» ។

យោធាអ៊ីស្រាអែល បាននិយាយថា អ្នកដែលត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលការវាយឆ្មក់មុនថ្ងៃរះទៅលើទីក្រុង Beit Jin ត្រូវបានគេសង្ស័យថា មានផែនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ហើយអាវុធក៏ត្រូវបានរកឃើញ នៅក្នុងតំបន់នោះផងដែរ។ យោធាបាននិយាយថា ពួកគេត្រូវបាននាំទៅអ៊ីស្រាអែលវិញ ដើម្បីសាកសួរ។
ក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី បាននិយាយថា មនុស្សម្នាក់ ត្រូវបានសម្លាប់ និង ៧នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការនេះ ខណៈដែលឪពុករបស់យុវជនដែលត្រូវបានសម្លាប់ បាននិយាយថាគេមានប្រវត្តិជំងឺផ្លូវចិត្ត។
ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ( Bashar Assad) នៅដើមខែធ្នូ កងកម្លាំងអ៊ីស្រាអែល បានចល័តទៅកាន់តំបន់ជាច្រើន នៅភាគខាងត្បូងប្រទេសស៊ីរី និងបានធ្វើការវាយប្រហារតាមអាកាសរាប់រយដង នៅទូទាំងប្រទេសនេះ ដោយបានបំផ្លាញគ្រឿងយុទ្ធោបករណ៍ជាច្រើនរបស់កងទ័ពស៊ីរី។