សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសអ៊ីរ៉ង់យ៉ាងដាច់អហង្ការ ជុំវិញការគាំទ្ររបស់ខ្លួនចំពោះក្រុមហ៊ូធី នៅប្រទេសយេម៉ែន ដោយចោទក្រុងតេអេរ៉ង់ថា បានរំលោភលើទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិ និងបើកការវាយប្រហារប្រឆាំងនឹងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល។

ថ្លែងក្នុងអំឡុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍ នៅយេម៉ែន ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកលោកស្រី Dorothy Shea បាននិយាយថា ការគាំទ្ររបស់អ៊ីរ៉ង់ គឺអនុញ្ញាតឲ្យក្រុមហ៊ួទីគំរាមកំហែងដល់អ៊ីស្រាអែល បណ្តាប្រទេសឈូងសមុទ្រ និងស្ថិរភាព ក្នុងតំបន់កាន់តែទូលំទូលាយឡើង។
លោកស្រី បានប្រាប់សមាជិកដូចគ្នាថា៖«ក្រុមប្រឹក្សានេះ មិនត្រូវបណ្តោយឲ្យមានការបំពានម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់ចំពោះសេចក្តីសម្រេចរបស់ខ្លួនឡើយ»។

លោកស្រី Shea បានថ្កោលទោសក្រុមហ៊ួទីជុំវិញការវាយប្រហារឆ្លងព្រំដែន ដែលកំពុងបន្ត រួមទាំងការវាយប្រហារដោយមីស៊ីលលើអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល និងការគំរាមកំហែងបិទផ្លូវអាកាស និងកងទ័ពជើងទឹក ដែលកំណត់គោលដៅទៅលើកំពង់ផែ Haifa ក៏ដូចជាការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសយេម៉ែនផងដែរ។
លោកស្រី បាននិយាយថា៖«អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ «យើងបន្តគាំទ្រអ៊ីស្រាអែលប្រឆាំងនឹងក្រុមភេរវករ ដែលគាំទ្រដោយអ៊ីរ៉ង់ រួមទាំងក្រុមហ៊ួទីនេះ»។
បេសកជនអាមេរិករូបនេះ ក៏បានគូសបញ្ជាក់ផងដែរនូវអ្វីដែលលោកស្រី បានពិពណ៌នាថា ជាភ័ស្តុតាងដែលថា ក្រុមហ៊ួទី កំពុងទទួលបានបច្ចេកវិទ្យាប្រើប្រាស់បានទាំងស៊ីវិលនិងយោធាពីប្រភពរបស់ចិន ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប Chang Guang ដែលមានទំនាក់ទំនងនឹងថ្នាក់ដឹកនាំយោធា និងគណបក្សកុម្មុយនីស្តរបស់ប្រទេសចិន។