រដ្ឋមន្ត្រីការបរទេសស៊ុយអែត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបដិសេធរបស់អ៊ីស្រាអែលមិន អនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា និងការកំណត់គោលដៅទៅលើកន្លែងចែកចាយជំនួយ កំពុងធ្វើឲ្យជនស៊ីវិលស្រេកឃ្លាន ដែលនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។

កាលពីដើមខែមិថុនា ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា ការវាយប្រហារយ៉ាងសាហាវទៅលើជនស៊ីវិល នៅជុំវិញកន្លែងចែកចាយជំនួយ នៅតំបន់ហ្កាហ្សាស្ទ្រីប គឺជា «ឧក្រិដ្ឋកម្មសង្គ្រាម» ខណៈដែលក្រុមសិទ្ធិមនុស្សជាច្រើន រួមទាំងអង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍។ អ៊ីស្រាអែលបានបដិសេធការចោទប្រកានជាដាច់ខាត។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Maria Malmer Stenergard បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«ការប្រើប្រាស់ភាពអត់ឃ្លានរបស់ជនស៊ីវិល ជាវិធីសាស្រ្តនៃសង្រ្គាម គឺជាឧក្រិដ្ឋកម្មសង្រ្គាម។ ជំនួយមនុស្សធម៌ ការសង្គ្រោះជីវិត មិនត្រូវធ្វើឲ្យក្លាយជាបញ្ហានយោបាយ ឬយោធាឡើយ»។
លោកស្រីបានបន្តថា៖«មានការបង្ហាញយ៉ាងច្បាស់នៅពេលនេះ ដែលថាអ៊ីស្រាអែលមិនបានអនុវត្តតាមការសន្យារបស់ខ្លួន ក្រោមច្បាប់មនុស្សធម៌អន្តរជាតិនោះទេ»។
លោកស្រីបានបញ្ជាក់ថា៖«វាពិតជាសំខាន់ណាស់ ដែលស្បៀងអាហារ ទឹក និងថ្នាំពេទ្យ បានឈានដល់ប្រជាជនស៊ីវិលយ៉ាងឆាប់រហ័ស ដែលភាគច្រើនជាស្ត្រី និងកុមារ កំពុងរស់នៅ ក្រោមលក្ខខណ្ឌអមនុស្សធម៌ទាំងស្រុង»។
ប្រទេសស៊ុយអែត បានប្រកាសកាលពីខែធ្នូឆ្នាំ ២០២៤ថា ខ្លួនកំពុងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ បន្ទាប់ពីអ៊ីស្រាអែល បានហាមឃាត់អង្គការនេះ ដោយចោទប្រកាន់ថា បានផ្តល់ការកាពារដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស។