អាកាសយានដ្ឋានភូកេត របស់ប្រទេសថៃ បាននិយាយថា ជើងហោះហើរមកពីក្រុមហ៊ុនអាកាសចរណ៍ Air India របស់ប្រទេសឥណ្ឌា ដែលហោះពីកោះភូកេត របស់ប្រទេសថៃ តម្រង់ទៅកាន់ទីក្រុងញូវដេលី បានបង្ខំចិត្តស្នើចុះចតជាបន្ទាន់នៅថ្ងៃសុក្រ (១៣ មិថុនា) នេះ បន្ទាប់ពីសារគម្រាមកំហែងបំផ្ទុះគ្រាប់បែក ត្រូវបានទទួលនៅលើយន្តហោះ។
មន្ត្រីអាកាសយានដ្ឋានថៃ បាននិយាយថា អ្នកដំណើរកំពុងត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះ ដែលមានជើងហោះហើរលេខ AI 379 ស្របតាមផែនការសង្គ្រោះបន្ទាន់ ដោយមានអ្នកដំណើរសរុបចំនួន ១៥៦នាក់ លើជើងហោះហើរនោះ។ ពុំមានការបញ្ជាក់លម្អិតអំពីសារគម្រាមបំផ្ទុះគ្រាប់បែកនោះទេ។

យោងតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 បានឱ្យដឹងថា យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋានភូកេត ទៅកាន់រដ្ឋធានីនៃប្រទេសឥណ្ឌា នៅម៉ោង ៩:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសុក្រនេះ ប៉ុន្តែបានធ្វើដំណើរជុំវិញសមុទ្រ Andaman ហើយក៏បានចុះចតនៅកោះប្រទេសថៃនោះវិញ។
ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មួយផ្សេងទៀតក្នុងទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីការហោះឡើង ដែលក្នុងនោះមនុស្សរាប់រយនាក់បានស្លាប់។ គួរឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាននានារបស់ឥណ្ឌា បានរងការគម្រាមកំហែងគ្រាប់បែកបោកបញ្ឆោតជាច្រើនកាលពីឆ្នាំមុន ជាមួយនឹងការហៅទូរសព្ទ និងសារបោកបញ្ឆោតជិត ១.០០០ដង ក្នុងពេល ១០ខែដំបូង ដែលជិត ១០ដងនៃតួលេខឆ្នាំ២០២៣៕

