ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺកំណត់គោលដៅទៅលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ ដោយនិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍ដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងនេះ។

ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយនៅក្នុងសារបង្ហោះ នៅលើបណ្តាញសង្គម X របស់ទីភ្នាក់ងារនេះថា៖«IAEA កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវស្ថានភាពដ៏គួរឲ្យព្រួយបារម្ភ នៅក្នុងប្រទេសអ៊ីរ៉ង់។ ទីភ្នាក់ងារនេះ អាចបញ្ជាក់ទីតាំង Natanz ក្នុងចំណោមគោលដៅផ្សេងៗ »។
លោក Grossi បានបន្ថែមថា៖«ទីភ្នាក់ងារនេះ កំពុងទាក់ទងជាមួយអាជ្ញាធរអ៊ីរ៉ង់ ពាក់ព័ន្ធនឹងកម្រិតវិទ្យុសកម្ម។ យើងក៏កំពុងទាក់ទងជាមួយក្រុមអធិការកិច្ចរបស់យើង នៅក្នុងប្រទេសនេះផងដែរ»។
