យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចុងក្រោយបំផុតនៅថ្ងៃសុក្រ (១៣ មិថុនា) នេះបានឱ្យដឹងថា សាកសពសរុបចំនួនប្រមាណ ២៦៥នាក់ ត្រូវបាននាំយកទៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងស្រុកមួយកន្លែង ក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា ជាទីដែលហេតុការណ៍ធ្លាក់យន្តហោះ Boeing 787-8 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១២ មិថុនា ម្សិលមិញនេះ។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះ មានជនរងគ្រោះ ២៤១នាក់ នៅលើយន្តហោះប៊ូអ៊ីងដែលជួបគ្រោះអកុសល ខណៈអ្នកស្លាប់នៅសេសសល់បានកើតឡើងនៅលើទីតាំងដែលយន្តហោះបានបុក។

យន្តហោះ Boeing 787-8 ដែលដឹកមនុស្ស ២៤២នាក់ តម្រង់ទៅទីក្រុងឡុងដ្រ៍ បានធ្លាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងក្រុង Ahmedabad។ ជើងហោះហើរនេះមានជនជាតិឥណ្ឌា ១៦៩នាក់ ជនជាតិអង់គ្លេស ៥៣នាក់ ជនជាតិព័រទុយហ្គាល់ ៧នាក់ និងកាណាដាម្នាក់ ក្រៅពីអាកាសយានិកពីរនាក់ និងបុគ្គលិក ១០នាក់ នៅលើយន្តហោះ ហើយមានអ្នករួចជីវិតតែម្នាក់ប៉ុណ្ណោះ។
មនុស្សជាច្រើននាក់ទៀតត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីយន្តហោះនោះបានបុកចូលទៅអគារស្នាក់នៅមួយកន្លែងរបស់ក្រុមគ្រូពេទ្យមកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត BJ Medical Colleg នៅតំបន់ Meghaninagar ទីក្រុង Ahmedaba រួចហើយក៏បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ៕


