រដ្ឋាភិបាលឥណ្ឌា បានបើកការស៊ើបអង្កេតជាផ្លូវការលើសោកនាដកម្មធ្លាក់យន្តហោះពីក្រុមហ៊ុនអាកាសចរណ៍ Air India ដ៏អាក្រក់មួយនៅថ្ងៃព្រហស្បតិ៍ (១២ មិថុនា) សប្ដាហ៍នេះ នេះបើតាមការបញ្ជាក់របស់លោក Ram Mohan Naidu រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលរបស់ឥណ្ឌា នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចុងក្រោយបំផុត សាកសពសរុបចំនួនប្រមាណ ២៦៥នាក់ ត្រូវបាននាំយកទៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងស្រុកមួយក្នុងទីក្រុង Ahmedabad ជាទីដែលហេតុការណ៍ធ្លាក់យន្តហោះបានកើតឡើង។ ក្នុងចំណោមអ្នកស្លាប់នោះ មានមនុស្ស ២៤១នាក់នៅលើយន្តហោះប៊ូអ៊ីងដែលជួបគ្រោះអកុសល ខណៈអ្នកស្លាប់នៅសេសសល់បានកើតឡើងនៅលើទីតាំងដែលយន្តហោះបានបុក។

រដ្ឋមន្ត្រីសហព័ន្ធរូបនេះនិយាយថា ការស៊ើបអង្កេតជាផ្លូវការ ត្រូវបានផ្តួចផ្តើមឡើងដោយការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ ស្របតាមពិធីកាអន្តរជាតិដែលកំណត់ដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ លោក Naidu បន្ថែមថា រដ្ឋាភិបាលឥណ្ឌាក៏កំពុងបង្កើតគណៈកម្មការកម្រិតខ្ពស់មួយដែលមានអ្នកជំនាញមកពីច្រើនផ្នែកដើម្បីពិនិត្យបញ្ហានេះឱ្យបានលម្អិត។
យន្តហោះ Boeing 787-8 ដែលដឹកមនុស្ស ២៤២នាក់ តម្រង់ទៅទីក្រុងឡុងដ្រ៍ បានធ្លាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងក្រុង Ahmedabad។ ជើងហោះហើរនេះមានជនជាតិឥណ្ឌា ១៦៩នាក់ ជនជាតិអង់គ្លេស ៥៣នាក់ ជនជាតិព័រទុយហ្គាល់ ៧នាក់ និងកាណាដាម្នាក់ ក្រៅពីអាកាសយានិកពីរនាក់ និងបុគ្គលិក ១០នាក់ នៅលើយន្តហោះ ហើយមានអ្នករួចជីវិតតែម្នាក់ប៉ុណ្ណោះ៕

