ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងខេត្ត Eastern Cape របស់ប្រទេសអាហ្រ្វិកខាងត្បូង ក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៧៨នាក់ ហើយអាចកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងតែបន្ត។
ផ្នែកខ្លះនៃប្រទេសអាហ្រ្វិកខាងត្បូង ត្រូវបានគ្របដណ្ដប់ដោយភ្លៀងធ្លាក់ខ្លាំង និងព្រិល ចាប់តាំងពីចុងសប្តាហ៍មុនមក ក្នុងរដូវរងាដ៏ត្រជាក់ខ្លាំង ដែលរំខានដល់ការដឹកជញ្ជូន និងបណ្តាញអគ្គិសនី ព្រមទាំងបណ្តាលឱ្យមានទឹកជំនន់ខ្លាំងក្លាផងដែរ។

លោក Velenkosini Hlabisa រដ្ឋមន្ត្រីក្រសួងកិច្ចសហប្រតិបត្តិការ និងកិច្ចការប្រពៃណីបានប្រាប់ទូរទស្សន៍រដ្ឋ SABC ថា៖ "តួលេខអ្នកស្លាប់បានឡើងដល់ ៧៨នាក់ហើយឥឡូវនេះ"។ លោកបានបន្ថែមថា៖ "ចំនួនអ្នកស្លាប់អាចកើនឡើងនៅថ្ងៃបន្ទាប់ទៀត ដរាបណាទឹកកាន់តែស្រកចុះនោះនឹងរកឃើញមនុស្សកាន់តែច្រើន"។
គួរឱ្យដឹងថា ទឹកជំនន់បានក្លាយជារឿងធម្មតាទៅហើយ និងកាន់តែធ្ងន់ធ្ងរឡើងនៅអាហ្រ្វិកខាងត្បូង ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុដ៏អាក្រក់ និងគួរឱ្យភ័យខ្លាចនៅក្នុងភពផែនដី៕

