សេតវិមាន បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (១២ មិថុនា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិមួយនៅព្រឹកថ្ងៃសុក្រ (១៣ មិថុនា) ម៉ោង ១១ព្រឹក (ពេលវេលានៅសហរដ្ឋអាមេរិក) បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានធ្វើឱ្យមជ្ឈិមបូព៌ាស្ថិតលើមាត់ជ្រោះ។
អ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃសុក្រ ម៉ោងនៅមជ្ឈិមបូព៌ា ត្រូវនឹងយប់ថ្ងៃព្រហស្បតិ៍ម៉ោងអាមេរិកថា ខ្លួនបានវាយប្រហារអ៊ីរ៉ង់ និងបានកំណត់គោលដៅទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលីស្ទិក និងមេបញ្ជាការយោធារបស់អ៊ីរ៉ង់។ អ៊ីស្រាអែល ក៏បានព្រមានថា នេះនឹងជាប្រតិបត្តិការអូសបន្លាយដើម្បីរារាំងទីក្រុងតេអេរ៉ង់ មិនឱ្យបង្កើតអាវុធនុយក្លេអ៊ែរ។

រដ្ឋបាលរបស់លោក Trump បានព្យាយាមដាក់សហរដ្ឋអាមេរិក ខិតឱ្យឆ្ងាយពីការវាយប្រហារនេះ ដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ចេញនិយាយភ្លាមៗថា "ទីក្រុងវ៉ាស៊ីនតោន មិនពាក់ព័ន្ធអ្វីឡើយក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នេះ ហើយអាទិភាពចម្បងរបស់អាមេរិក គឺការពារកងកម្លាំងខ្លួននៅក្នុងតំបន់"។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីស្រាអែល មានការសន្ទនាជាបន្តបន្ទាប់ជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការវាយប្រហារអ៊ីរ៉ង់ គឺជាការសម្រេចចិត្តឯករាជ្យរបស់អ៊ីស្រាអែលប៉ុណ្ណោះ។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ស្ថានទូតអាមេរិក នៅទីក្រុងហ្សេរុយសាឡិម បានណែនាំបុគ្គលិករដ្ឋាភិបាលទាំងអស់ និងសមាជិកគ្រួសាររបស់ពួកគេ ឱ្យជ្រកកោននៅកន្លែងស្នាក់នៅដើម្បីសុវត្ថិភាព រហូតដល់មានការជូនដំណឹងបន្ថែម៕

