ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ផ្ដល់ការទុកចិត្តជាឯកច្ឆន្ទ ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅពេលអនាគត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តីទី៥ នាព្រឹកថ្ងៃទី២៤ ខែធ្នូនេះ។
សន្និបាតនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំថ្នាក់កណ្ដាលសរុប៣៥រូប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណកម្មាធិការកណ្ដាល ចំនួន៧៧៥រូប នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ៨៥) ៕
អត្ថបទ៖ មុត សុទ្ធ
