អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានស្នើសុំតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ឲ្យដោះលែងលោកបណ្តោះអាសន្ន ដោយសំណើនេះ កើតមានឡើងក្រោយ ៣ខែបន្ទាប់ពីលោកត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងសង្គ្រាមដ៏ចម្រូងចម្រាសរបស់លោក លើគ្រឿងញៀន។

បើយោងតាមសំណើកាលពីថ្ងៃទី១២ ខែមិថុនា ដែលធ្វើឡើងដោយទីប្រឹក្សារបស់លោក គឺលោក Nicholas Kaufman បានបង្ហាញថា លោក Duterte វ័យ ៨០ឆ្នាំ មិនមានគោលបំណងរត់គេចទេ ហើយរដ្ឋាភិបាលមួយចំនួន បានយល់ព្រមទទួលយករូបលោក ក្នុងអំឡុងពេលដោះលែងបណ្តោះអាសន្ន។ ផ្នែកខ្លះនៃឯកសារ រួមទាំងឈ្មោះប្រទេសដែលបានយល់ព្រមឲ្យលោក Duterte ស្នាក់នៅផងដែរនោះ ត្រូវបានកែសម្រួលឡើងវិញ។
គួរបញ្ជាក់ថា លោក Duterte ដែលកំពុងរង់ចាំការកាត់ក្តី បានដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ហើយបានមើលការខុសត្រូវលើប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដ៏ឃោរឃៅ ដែលនាំឲ្យលោកមានភាពល្បីល្បាញក្នុងតំបន់។ លោកបានឈ្នះសំឡេងយ់ាងលើសលប់ ក្នុងការប្រកួតប្រជែងដណ្ដើមតំណែងអភិបាលក្រុង Davao ដែលជាមុខតំណែងចាស់របស់លោក មុនក្លាយជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតកាលពីខែឧសភា។
ឯកសារសំណើបានរៀបរាប់ថា៖ «លោក Duterte នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការនីតិវិធីនោះទេ ប្រសិនបើត្រូវបានដោះលែង ហើយ លោក Duterte នឹងមិនបន្តប្រព្រឹត្តបទឧក្រិដ្ឋឡើយ»។ សំណើបានបន្ថែមថា៖ «លោក Duterte លែងជាប្រធានាធិបតីហ្វីលីពីនទៀតហើយ ហើយលោកមិនមានឥទ្ធិពល ឬអំណាច ដូចដែលលោកត្រូវបានគេនិយាយថា បានរំលោភបំពាន ក្នុងអំឡុងពេលនៃឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នោះឡើយ»៕
