របាយការណ៍ពីស្ថាប័នយុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) នៅថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ បានបង្ហាញថា ការចំណាយលើអាវុធនុយក្លេអ៊ែរដោយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរចំនួន ៩ របស់ពិភពលោក បានកើនឡើង ១១ភាគរយ ក្នុងឆ្នាំ២០២៤។
ការបង្កើនប្រចាំឆ្នាំចំនួន ១០ពាន់លានដុល្លារ ពោលគឺឡើងដល់ចំនួន ១០០,២ពាន់លានដុល្លារ បានសំដៅទៅរកការធ្វើទំនើបកម្ម ហើយក្នុងករណីខ្លះ ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាម ICAN ដែលជាសម្ព័ន្ធសង្គមស៊ីវិលពិភពលោកស្វែងរកការលុបបំបាត់អាវុធបរមាណូទាំងស្រុង។

របាយការណ៍ពីស្ថាប័ននេះបានឲ្យដឹងថា៖ «បណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ អាចចំណាយលើសថវិការបស់អង្គការសហប្រជាជាតិចំនួន ២៨ដង ជាមួយនឹងអ្វីដែលពួកគេបានចំណាយ ដើម្បីបង្កើត និងថែរក្សាអាវុធនុយក្លេអ៊ែរនៅឆ្នាំ២០២៤»។
របាយការណ៍បានបន្ថែមថា សហរដ្ឋអាមេរិកបានកត់ត្រាការបង្កើនប្រចាំឆ្នាំច្រើនបំផុត សម្រាប់ការចំណាយលើនុយក្លេអ៊ែរ ក្នុងឆ្នាំ២០២៤ ដែលកើនឡើងចំនួន ៥,៣ពាន់លានដុល្លារ។ ស្ថាប័ននេះបានបញ្ជាក់ថា ការចំណាយសរុបរបស់ប្រទេសនេះចំនួន ៥៦,៨ពាន់លានដុល្លារ គឺលើសការចំណាយរួមគ្នានៃរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរផ្សេងទៀតទាំងអស់។
ICAN បានឲ្យដឹងទៀតថា ប្រទេសចិនបានចំណាយ ១២,៥ពាន់លានដុល្លារ តាមមកដោយចក្រភពអង់គ្លេសចំនួន ១០,៤ពាន់លានដុល្លារ ដែលជាការកើនឡើងចំនួន២,២ពាន់លានដុល្លារ។ ស្ថាប័ននេះបានបង្ហាញថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត គឺបារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន និងរុស្ស៊ី៕
