ភ្នំពេញ ៖ នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅទិញស៊ីមកាតរបស់ក្រុមហ៊ុន Metfone យកទៅប្រើប្រាស់ដោយរំពឹងទទួលបានសេវាអ៊ិនធឺណិតលឿនក្នុងកាលៈទេសៈកម្ពុជាបញ្ឈប់ការទិញអ៊ិនធឺណិតពីប្រទេសថៃ។
បញ្ជាក់ប្រាប់ BTV តំណាងពលរដ្ឋ២រូប ដែលបានអញ្ជើញទៅទិញស៊ីមកាតរបស់ក្រុមហ៊ុន Metfone បានប្រាប់ថា មូលហេតុដែលពួកគាត់ នាំគ្នាមកទិញស៊ីមកាតនៅក្រុមហ៊ុន Metfone ដោយសារទទួលបានព័ត៌មានថា ក្រុមហ៊ុននេះ កំពុងមានកម្មវិធីផ្ដល់ជូនសេវាអ៊ិនធឺណិតដើរលឿន និងស្របពេលដែលប្រមុខដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឱ្យបញ្ឈប់ទិញសេវាអ៊ិនធឺណិតពីថៃកាលពីម៉ោង ១២ យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ ក្រុមហ៊ុន Metfone ត្រៀមបង្កើតកម្មវិធីបន្ថែមដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគំាទ្រក្នុងការប្រើប្រាស់កន្លងមក ក្នុងនោះក្រុមហ៊ុននឹងរៀបចំកម្មវិធីបញ្ចូលលុយទទួលបាន Internet ប្រើប្រាស់បានយូរថ្ងៃ និងមានទំហំមេហ្កាបៃ (MB) ធំជាងមុនជាដើម៕
ផលិត គង់ រ៉េន






