នៅថ្ងៃសុក្រនេះ ពលរដ្ឋរស់នៅក្នុងទីក្រុងហ្សេរុយសាឡឹម បានសម្តែងការពេញចិត្ត រយៈពេលប៉ុន្មានម៉ោង ក្រោយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយមានគោលដៅលើទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលីស្ទិក និងទីបញ្ជាការយោធា ជាអ្វីដែលពួកគេព្រមានថា វានឹងក្លាយជាប្រតិបត្តិការរយៈពេលយូរក្នុងការការពារទីក្រុងតេអេរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេ ។
អ្នកស្រី Ora Liral គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងហ្សេរុយសាឡឹម និយាយថា អ្នកស្រីភ្ញាក់ឡើងពេលព្រឹកឮដំណឹងថា អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ហើយអ្នកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលឮព័ត៌មានបែបនេះ ។ ពួកយើងរង់ចាំដំណឹងមួយនេះអស់រយៈពេលជាយូរមកហើយ ។

សារព័ត៌មានអ៊ីរ៉ង់ និងក្រុមសាក្សី បានរាយការណ៍ពីការផ្ទុះ រួមទាំងនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់ ស្ថិតក្នុងទីក្រុង Natanz ស្របពេលដែលអ៊ីស្រាអែល បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ជាការព្យាករចំពោះការសងសឹកជាមួយការវាយប្រហារមីស៊ីល និងយានដ្រូនពីទីក្រុងតេអេរ៉ង់ ។
យោធាអ៊ីស្រាអែល និយាយនៅថ្ងៃសុក្រនេះថា ពួកគេបង្ខំចិត្តធ្វើបែបនេះ ដោយផ្អែកលើព័ត៌មានចារកម្មដែលបង្ហាញថា “អ៊ីរ៉ង់ខិតដល់ចំណុចមិនអាចបកក្រោយបាន ក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេ” ៕
