ដោយមានចម្ងាយតែបន្តិចពីកំពង់ផែនេសាទដ៏តូចមួយឈ្មោះ Wushi នៅលើឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិករបស់កោះតៃវ៉ាន់ ក្រុមហ៊ុនតៃវ៉ាន់មួយ កំពុងសាកល្បងនូវអ្វីដែលអាចជាអាវុធថ្មីដ៏មានឥទ្ធិពល តែសាមញ្ញ នៅក្នុងឃ្លាំងអាវុធយោធារបស់កោះនេះ គឺយានដ្រូនក្នុងសមុទ្រ។
ដោយធ្លាប់មានឥទ្ធិពលខ្លាំង ដែលប្រទេសអ៊ុយក្រែន ប្រើសប្រាស់នៅសមុទ្រខ្មៅ ប្រឆាំងនឹងរុស្ស៊ី កោះតៃវ៉ាន់កំពុងរៀនមេរៀន អំពីរបៀបដែលខ្លួនអាចប្រើយានដ្រូនក្នុងសមុទ្រជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងចំណាយតិច ក្នុងការទប់ទល់នឹងការលុកលុយរបស់ចិនដែលអាចកើតមាន។

យានដ្រូនទាំងនេះ គឺគ្មានមនុស្សបើកនៅខាងក្នុងទេ ពោលគឺជានាវាតូចៗដែលត្រូវបានបញ្ជាពីចម្ងាយ ដែលផ្ទុកទៅដោយសារធាតុផ្ទុះ ហើយអាចត្រូវបានតម្រង់គោលដៅឆ្ពោះទៅកាន់នាវា ឬអាចវាយប្រហារគោលដៅ នៅលើអាកាស។
គួរបញ្ជាក់ថា ក្រោមការជំរុញពីសហរដ្ឋអាមេរិក កោះតៃវ៉ាន់បាននិងកំពុងប្រឹងប្រែងផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីអាចធ្វើ «សង្គ្រាមមិនសមាមាត្រ» ដោយប្រើអាវុធចល័ត តូចជាង និងតម្លៃថោកជាង ដែលនៅតែផ្ដល់ប្រសិទ្ធភាពខ្ពស់ ដូចជាយានដ្រូនក្នុងសមុទ្រនេះជាដើម។
នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan របស់ស្ថាប័នការពារដែនកោះ បានហៅផែនការយានដ្រូនក្នុងសមុទ្រនេះថា ជាគម្រោង «Swift & Sudden» ដែលរហូតមកដល់ពេលនេះ មានថវិកាតិចតួចប្រហែល ៨០០លានដុល្លារតៃវ៉ាន់ (២៦,៧៧លានដុល្លារ)៕
