ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក បាននិយាយថា ពលរដ្ឋម៉ិកស៊ិកម្នាក់ បានស្លាប់នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងរបស់ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) ពីឧបទ្ទវហេតុ ដែលមិនអាចកំណត់បាន។
ការស្លាប់នេះ បានកើតឡើង ចំពេលដែលបាតុកម្ម កំពុងបន្តនៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលលេចធ្លោជាងគេ នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ប្រឆាំងនឹងការឆ្មក់ចាប់របស់ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសនោះ បានស្លាប់ កាលពីថ្ងៃទី ០៧ ខែមិថុនា នៅឯមជ្ឈមណ្ឌលរបស់ ICE នៅរដ្ឋចចា (Georgia) ភាគខាងត្បូង ជាកន្លែងដែលរូបគេ ត្រូវបានគេឃុំខ្លួន បន្ទាប់ពីត្រូវបានផ្ទេរពីពន្ធនាគាររដ្ឋមួយ។
អាជ្ញាធរអាមេរិក បានជូនដំណឹងដល់ស្ថានកុងស៊ុលម៉ិកស៊ិក នៅរដ្ឋធានីអាត្លង់តានៃរដ្ឋចចាពីការស្លាប់នេះ។
ក្រសួងបាននិយាយថា៖«ដើម្បីឲ្យដឹងការពិតនោះ បុគ្គលិកកុងស៊ុលបានបង្កើតទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និង ICE ក៏ដូចជាសមាជិកគ្រួសាររបស់បុរសនេះ បញ្ជាក់ពីមូលហេតុនៃការស្លាប់ជាផ្លូវការ និង ផ្តល់ដំបូន្មានផ្នែកច្បាប់ និងការគាំទ្រដល់គ្រួសារ»។
