ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យានដ្រូនបានដើរតួយ៉ាងសំខាន់ នៅក្នុងជម្លោះនៅអ៊ុយក្រែន ហើយបានអំពាវនាវឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការដាក់ពង្រាយកងកម្លាំងយានដ្រូនដាច់ដោយឡែក នៅក្នុងជួរយោធា។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីលោកប្រធានាធិបតី ដែលបាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍអាវុធថា៖«នាពេលបច្ចុប្បន្ន យើងកំពុងបង្កើតកងទ័ពនៃប្រព័ន្ធគ្មានមនុស្សបើក ជាផ្នែកដាច់ដោយឡែកនៃយោធា ហើយយើងត្រូវតែធានាឲ្យមានការដាក់ពង្រាយ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងឆាប់រហ័ស»។

យានដ្រូន បានដើរតួនាទីឈានមុខគេសម្រាប់ភាគីទាំងសងខាង នៅក្នុងជម្លោះរយៈពេលជាង បីឆ្នាំ ដែលទីក្រុងមូស្គូប្រឆាំងនឹងទីក្រុងគៀវ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី ចាប់តាំងពីការផ្ទុះសង្រ្គាមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍការផលិតយានដ្រូនក្នុងស្រុកនិងឧសកម្មផលិតកម្ម។
លោក ពូទីន បានប្រាប់កិច្ចប្រជុំថ្ងៃទី២ថា រុស្ស៊ីដឹងច្បាស់ពីរបៀបដែលអ៊ុយក្រែនកំពុងដោះស្រាយបញ្ហានេះ។
លោកត្រូវបានគេដកស្រង់សម្ដីថា៖ «ប៉ុន្តែសរុបមក ខ្ញុំមិនជឿថា យើងដើរយឺតយ៉ាវលើកិច្ចការណាមួយនោះទេ។ «លើសពីនេះទៅទៀត វាហាក់ដូចជាខ្ញុំថា យើងកំពុងនាំយកបទពិសោធល្អៗមកជាមួយគ្នា ក្នុងគោលបំណងបង្កើតកម្លាំងបែបនេះ»។
រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Andrei Belousov បានស្នើបង្កើតកងកម្លាំងយានដ្រូន កាលពីចុងឆ្នាំមុន ដោយកំណត់កាលបរិច្ឆេទគោលដៅនៃត្រីមាសទី៣ ឆ្នាំ២០២៥។
