ក្រសួងការបរទេសជប៉ុន បានរាយការណ៍ថា ទីក្រុងតូក្យូ បានចូលរួមក្នុងការថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ជាមួយរដ្ឋមន្ត្រីការបរទេសលោក Takeshi Iwaya ដោយនិយាយថា ការវាយប្រហារនេះ «ធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែតានតឹងឡើង។
លោក Iwaya បាននិយាយថា៖«យើងមានការសោកស្តាយយ៉ាងខ្លាំង ដែលកម្លាំងយោធា ត្រូវបានប្រើប្រាស់ ទោះបីជាមានការខិតខំប្រឹងប្រែងការទូតជាបន្តបន្ទាប់ រួមទាំងកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ក្តី»។ «ប្រទេសរបស់យើងថ្កោលទោសយ៉ាងដាច់ខាត ចំពោះសកម្មភាពនេះ ដែលធ្វើឲ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរឡើង»។
លោក Iwaya បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា គឺ «មានសារៈសំខាន់ខ្លាំងណាស់» សម្រាប់ប្រទេសជប៉ុន ហើយបានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា។
លោកបានអំពាវនាវឲ្យមានការបន្ធូរបន្ថយស្ថានការណ៍ ដោយបានបន្ថែមថា រដ្ឋាភិបាលជប៉ុននឹងប្រឹងប្រែង ក្នុងការការពារជនជាតិជប៉ុនដែលរស់នៅក្នុងតំបន់នោះទេ។
លោកបានបន្តថា៖«យើងនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់ស្ថានភាពនេះ មិនឲ្យយ៉ាប់យ៉ឺនបន្ថែមទៀត»។