ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ បានជំរុញឲ្យប្រទេសអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយបញ្ជាក់ថា នៅតែមានពេលវេលា ដើម្បីឲ្យប្រទេសនេះទប់ស្កាត់កុំឲ្យរាលដាលជម្លោះបន្ថែមទៀតជាមួយអ៊ីស្រាអែល។
តាមរយៈការបង្ហោះសារ នៅលើបណ្ដាញសង្គម Truth Social លោក Trump បានប្រាប់ថា៖ «មានការបាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញដ៏ធំធេងរួចហើយ ប៉ុន្តែនៅតែមានពេលវេលា ដើម្បីធ្វើឲ្យការសម្លាប់នេះ ពោលគឺដោយការវាយប្រហារដែលត្រូវបានគ្រោងទុកបន្ទាប់កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ ឈានដល់ទីបញ្ចប់»ស។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ ដោយបានប្រាប់ថា ខ្លួនបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលីស្ទិក និងមេបញ្ជាការយោធា ក្នុងអំឡុងពេលចាប់ផ្តើមប្រតិបត្តិការ ដើម្បីរារាំងក្រុងតេអេរ៉ង់កុំឲ្យផលិតបានអាវុធនុយក្លេអ៊ែរ។
លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិកបានផ្តល់ឱកាសឲ្យអ៊ីរ៉ង់ «ម្ដងហើយម្ដងទៀត» ដើម្បីឈានដល់កិច្ចព្រមព្រៀង។ នៅព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតីអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា លោកដឹងថា អ៊ីស្រាអែលនឹងវាយប្រហារអ៊ីរ៉ង់ មុនពេលហេតុការណ៍នោះកើតឡើង ហើយបើយោងតាមទូរទស្សន៍អាមេរិក បានឲ្យដឹងថា លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ «មិនអាចមានគ្រាប់បែកនុយក្លេអ៊ែរជាដាច់ខាត»។
តែយ៉ាងណាក្ដី សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងវិធានការរបស់អ៊ីស្រាអែល ហើយបានព្រមានទីក្រុងតេអេរ៉ង់កុំឲ្យវាយប្រហារបុគ្គលិក ឬផលប្រយោជន៍របស់ខ្លួន៕

