នៅថ្ងៃសុក្រនេះ ក្រុមគ្រួសារនៅទីក្រុង Ahmedabad ត្រូវបានគេមើលឃើញនាំគ្នាកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេនៅក្រៅមន្ទីរពេទ្យស៊ីវិល ក្រោយធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ដែលបានសម្លាប់មនុស្សជាង ២៤០នាក់នៅលើយន្តហោះ និងសម្លាប់មនុស្សជាច្រើននាក់ផ្សេងទៀតនៅលើដី ។
អ្នកស្រី Jasi ដែលក្មួយប្រុសរបស់គាត់ស្ថិតក្នុងចំណោមមនុស្សស្លាប់នៅលើដីនោះ និយាយថា គាត់មិនអាចនិយាយប្រាប់ប្អូនស្រីថ្លៃរបស់គាត់ថា កូនប្រុសរបស់នាង បានស្លាប់នោះទេ ។
អ្នកស្រី Jasi និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្រៅមន្ទីរពេទ្យនាថ្ងៃសុក្រនេះថា តើឲ្យខ្ញុំអាចនិយាយអ្វីបាន? ខ្ញុំមិនអាចនិយាយប្រាប់នាងថា កូនប្រុសរបស់នាងបានស្លាប់នោះទេ ។ តើនាងនឹងឈឺចាប់ និងមានប្រតិកម្មខ្លាំងបែបណា ក្រោយពេលឮដំណឹងនេះ?
ការស្វែងរកមនុស្សបាត់ខ្លួន និងបំណែកយន្តហោះនៅក្នុងអគាររងការឆាបឆេះ នៅតែបន្តក្នុងទីក្រុង Ahmedabad នាថ្ងៃសុក្រនេះ ស្របពេលដែលសារព័ត៌មានក្នុងស្រុករាយការណ៍ថា ឥណ្ឌាពិចារណាលើការមិនឲ្យហោះហើរកងយន្តហោះ 787របស់ក្រុមហ៊ុន ដើម្បីពិនិត្យសុវត្ថិភាព ។
រូបភាពវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពឃើញ យន្តហោះ Boeing 787-8 Dreamliner ផ្ទុកមនុស្ស ២៤២នាក់ ធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick ស្ថិតក្នុងទីក្រុងឡូងដ្រ៍ ចក្រភពអង់គ្លេស បានហោះឡើងពីលើតំបន់រស់នៅរបស់អ្នកស្រុក ហើយនិងលែងមើលឃើញ មុនពេលសំណុំភ្លើងយ៉ាងធំត្រូវបានគេមើលឃើញផុសឡើងលើអាកាស ។
អ្នកដំណើរម្នាក់គត់ បានរស់រាន ក្រោយយន្តហោះធ្លាក់លើអគារស្នាក់នៅរបស់មហាវិទ្យាល័យពេទ្យ អំឡុងពេលបាយថ្ងៃត្រង់ ក្នុងនោះសារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងហោច ២៤នាក់ បានស្លាប់នៅលើដី ៕