ប្រទេសចិន នៅថ្ងៃសុក្រ (ទី១៣ ខែមិថុនា) បានព្រមានក្រុមប្រទេសសេដ្ឋកិច្ចលូតលាស់ទាំង៧ (G7) កុំ «ប្រតិដ្ឋ» បញ្ហាទាក់ទងនឹងប្រទេសមានសេដ្ឋកិច្ចធំទី២ របស់ពិភពលោក ដើម្បីរបៀបវារៈផ្ទាល់ខ្លួន បន្ទាប់ពីពួកគេបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ កាលពីឆ្នាំមុន។
ការរិះគន់របស់ទីក្រុងប៉េកាំង ចំពោះក្រុមប្រទេស G7 និងលើអ្វីដែលប្លុកនេះតំណាងឲ្យ កើតឡើងចំពេលមានការកើនឡើងនូវភាពតានតឹងពាណិជ្ជកម្មសកល រវាងសហរដ្ឋអាមេរិក និងចិន នៅឆ្នាំនេះ ក៏ដូចជានៅក្នុងរង្វង់សមាជិករបស់ក្រុមនេះផងដែរ។

នៅក្នុងការកត់សម្គាល់ មុនកិច្ចប្រជុំកំពូល G7 រយៈពេល ៣ថ្ងៃ នៅប្រទេសកាណាដាដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃអាទិត្យនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានចោទប្រកាន់ក្រុមនេះថា តែងតែប្រកាន់ខ្ជាប់នូវចិត្តគំនិត ដែលកើតមានក្នុងសម័យសង្គ្រាមត្រជាក់។
លោក Lin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្លុកនេះគួរតែ «បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ឈប់ធ្វើឲ្យខូចដល់ការអភិវឌ្ឍរបស់ប្រទេសផ្សេងទៀត (និង) បញ្ឈប់ការប្រតិដ្ឋបញ្ហាទាក់ទងនឹងប្រទេសចិន»។ លោក Lin បានសង្កត់ធ្ងន់ថា G7 បង្កឲ្យមានជម្លោះ និងការប្រឈមមុខដាក់គ្នា ដោយបន្ថែមថា ការអនុវត្តបែបនេះ «ប្រាកដណាស់នឹងមិនទទួលបានជោគជ័យទេ»។
គួររំលឹកថា ក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំកំពូលឆ្នាំ២០២៤ របស់ខ្លួន នៅប្រទេសអ៊ីតាលី ដែលបានលើកឡើងពីប្រទេសចិនមិនតិចជាង ២០ដង G7 បានប្រាប់ថា ក្រុមហ៊ុនរបស់ប្រទេសនៃប្លុកនេះ ចាំបាច់ត្រូវបានការពារពីការអនុវត្តអាជីវកម្មមិនយុត្តិធម៌របស់ប្រទេសចិន៕
