ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា រយះពេល៣សប្តាហ៍ក្នុងខែធ្នូនេះ អ្នកដំណើរអន្តរជាតិចូលកម្ពុជា បានកើនឡើងចំនួនជាង ៦០ភាគរយ ខណៈមន្រ្តីទាំងអស់រឹតបន្តឹងខ្ពស់បង្ការការឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុង មុនអនុញ្ញាតអ្នកដំណើរទាំងអស់ចូលកម្ពុជា។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេស ក៏ដូចជាអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះ មកទល់ពេលនេះ កំណើនអ្នកដំណើរអន្តរជាតិចូលកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់។
ការកើនឡើងនេះ ឧត្តមសេនីយ៍ត្រី ថោង សុផាត បន្តថា បើប្រៀបធៀបរយះពេល៣សប្តាហ៍ក្រោយបើកប្រទេសភ្លាម និងរយះពេល៣សប្តាហ៍មុនបំណាច់ខែធ្នូនេះ អ្នកដំណើរចូលកម្ពុជាក្នុងមួយថ្ងៃចំនួនប្រមាណ៨០០នាក់ និងកើនឡើងជាង៦០ភាគរយ។
ឧត្តមសេនីយ៍ត្រី ថោង សុផាត បានបញ្ជាក់ថា តាមរយៈកំណើននេះបានធ្វើឲ្យមន្រ្តីអន្តោប្រវេសន៍សហការជាមួយមន្រ្តីសុខាភិបាល និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរៀបចំការទទួលអ្នកដំណើរបន្ថែម ដើម្បីឲ្យការមកដល់របស់អ្នកដំណើរមិនមានការកកស្ទះ។
ក្នុងពេលកម្ពុជារកឃើញអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុង ចំនួន៨ករណី ឧត្តមសេនីយ៍ត្រី ថោង សុផាត បានសង្កត់ធ្ងន់ថា គ្រប់អ្នកដំណើរចូលទាំងអស់ត្រូវបំពេញដាច់ខាតទៅតាមលក្ខខណ្ឌរបស់កម្ពុជា ខណៈមន្រ្តីអន្តោប្រវេសន៍ទាំងអស់ក៏បានអនុវត្តយ៉ាងម៉ត់ច្មត់បង្ការការឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។
គួរបញ្ជាក់ថា រាល់អ្នកដំណើរចូលកម្ពុជាទាំងខ្មែរ និងបរទេស មិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ប៉ុន្តែការមិនធ្វើចត្តាឡីស័កនេះ សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ប៉ុណ្ណោះ។ ក្នុងនោះ បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែអ្នកដំណើរទាំងអស់ត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ឬហៅថា Rapid Test ខណៈសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៊ីន PCR ដដែល៕ អត្ថបទ សេក ឧត្តម
