ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្តេជ្ញាថា នឹងធ្វើឲ្យអ៊ីស្រាអែល «ស្តាយក្រោយ ចំពោះវិធានការដ៏ល្ងង់ខ្លៅរបស់ខ្លួន» ដោយការលើកឡើងនេះសំដៅលើការវាយប្រហារយោធារបស់ប្រទេសនេះលើអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ។
លោក Pezeshkian បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ការឆ្លើយតបស្របច្បាប់ដ៏ខ្លាំងក្លារបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងធ្វើឲ្យសត្រូវស្ដាយក្រោយ ចំពោះវិធានការដ៏ល្ងង់ខ្លៅរបស់ខ្លួន»។ លោកប្រធានាធិបតីបានបន្ថែមថា៖ «យើងជំរុញឲ្យប្រជាជនរបស់យើងជឿជាក់លើថ្នាក់ដឹកនាំរបស់ប្រទេស ហើយផ្ដល់ការគាំទ្រ។ ប្រជាជន និងមន្ត្រីអ៊ីរ៉ង់ នឹងមិននៅស្ងៀមនឡើយ ចំពោះមុខឧក្រិដ្ឋកម្មនេះ»។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញមួយ ត្រូវបានធ្វើឡើង ដោយមានការចូលរួមពីលោកប្រធានាធិបតី។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារ «ជាមុន» តាមអាកាស លើប្រទេសអ៊ីរ៉ង់ នាព្រឹកថ្ងៃសុក្រនេះ ដោយផ្តោតលើទីតាំងនុយក្លេអ៊ែរ និងយោធា ហើយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរមួយចំនួន។
នៅមុននេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Khamenei បាននិយាយថា អ៊ីស្រាអែល «គួរតែរំពឹងទុកជាមុនពីការទទួលបានវិញនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរ»៕