សេចក្តីថ្លែងការណ៍បង្ហោះនៅលើគេហទំព័រស្ថានទូត បាននិយាយថា អ៊ីស្រាអែលនឹងបិទស្ថានទូតទាំងអស់នៅលើពិភពលោក និងជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយកុំបង្ហាញនិមិត្តរូបជនជាតិជ្វីហ្វ ឬនិមិត្តរូបអ៊ីស្រាអែលនៅតាមទីសាធារណៈ ក្រោយពួកគេបើកការវវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ធ្វើឲ្យស្ថានភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ។
ស្ថានទូតអ៊ីស្រាអែលនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានបិទទ្វារនៅថ្ងៃសុក្រនេះ ដោយសារភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ហើយនិងបន្តបិទទ្វាររហូតដល់មានការជូនដំណឹងបន្ថែមទៀត ។ នេះបើយោងតាមការអះអាងរបស់មន្រ្តីស្ថានទូតមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។
ការបិទស្ថានទូតនេះដែរ បានកើតមានឡើង ក្រោយពេលអ៊ីស្រាអែល និយាយថា ពួកគេមានគោលដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ រោងចក្រផលិតមីស៊ីលបាលីស្ទិក និងទីបញ្ជាការរបស់អ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការរយៈវែង ដើម្បីរារាំងទីក្រុងតេអេរ៉ង់ពីការផលិតអាវុធអាតូមិក ។
ពុំមានព័ត៌មានបន្ថែមទៀតណាមួយត្រូវបានផ្តល់ជូននោះទេ ពាក់ព័ន្ធនឹងពេលវេលាដែលស្ថានទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងអ៊ែរឡាំង នឹងត្រូវបើកទ្វារឡើងវិញ ឬក្តីបារម្ភសន្តិសុខច្បាស់លាស់អ្វីខ្លះ បង្ខំឲ្យមានការបិទទ្វារបែបនេះ ។
ខណៈពេលនោះដែរ ប្រភពក្នុងតំបន់ចំនួន ២ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់យ៉ាងហោច ២០នាក់ រួមទាំងប្រធានឆ្នាំបដិវត្តន៍អ៊ីរ៉ង់ និងជាមេបញ្ជាការកងកម្លាំងអវកាសលោក Amir Ali Hajizadeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ នាថ្ងៃសុក្រនេះ ។
ដោយឡែក សារព័ត៌មាន APA ដោយលើកពីតួលេខពុំផ្លូវការរាយការណ៍ដោយសារព័ត៌មានអ៊ីរ៉ង់នៅថ្ងៃស្រុកនេះ បានរាយការណ៍ថា មនុស្ស ៧៨នាក់ ត្រូវបានសម្លាប់ និង ៣២៩នាក់ រងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងយោធា និងតំបន់រស់នៅរបស់អ្នកស្រុកនៅខេត្តតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ៕