ការផ្ទុះត្រូវបានលាន់ឮនៅលើទីក្រុងតែល អាវីវ និងទីក្រុងហ្ស៊េរុយសាឡឹម ប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃសុក្រ ទី១៣ ខែមិថុនា នៅពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីករាប់រយគ្រាប់ក្នុងការសងសឹកចំពោះការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែលទៅលើទឹកដីរបស់ខ្លួន ដែលបានដាក់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងបានសម្លាប់មេបញ្ជាការជាន់ខ្ពស់យោធា។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងឆ្លើយតបជាមួយប្រតិបត្តិការតោងើប«Rising Lion» និងបានវាយប្រហារលើទីតាំងនុយក្លេអ៊ែរមួយទៀតនៅក្រុង Isfahan។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល បាននិយាយថា អ៊ីរ៉ង់បានធ្វើការវាយប្រហារ ដោយទប់ទល់ទៅនឹងឱសានវាទរបស់សហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សា ដើម្បីរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោក Trump បាននិយាយនៅលើបណ្តាញ Truth Social ថា «២ខែកន្លងទៅនេះ ខ្ញុំបានផ្តល់ឱ្យអ៊ីរ៉ង់នូវឱសានវាទរយៈពេល៦០ថ្ងៃ ដើម្បី «ធ្វើកិច្ចព្រមព្រៀង»។ ប្រទេសនេះគួរតែធ្វើវា! ហើយថ្ងៃនេះ ជាថ្ងៃទី ៦១ ពេលនេះប្រហែលជាមានឱកាសលើកទីពីរ ប៉ុន្តែទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនគ្មានចំណែកក្នុងប្រតិបត្តិការណាមួយឡើយ។
អ៊ីរ៉ង់ បានសន្យាថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់ប្រមុខកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពល ហើយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បាននិយាយថា ការបាញ់ស្រោចសងសឹករួមមានមីស៊ីលរាប់រយគ្រាប់ បានបាញ់សំដៅទៅលើអ៊ីស្រាអែល។

