មន្ត្រីអនុវត្តច្បាប់និងគ្រាអាសន្ន នៅទីក្រុង Los Angeles បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានត្រៀមយ៉ាងពេញលេញសម្រាប់ការតវ៉ាដែលរំពឹងទុកនៅទូទាំងទីក្រុង នៅថ្ងៃសៅរ៍នេះ។ លោក Jim McDonald ប្រធាននាយកដ្ឋាននគរបាលទីក្រុង Los Angeles បាននិយាយថា «យើងកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍និងការដាក់ពង្រាយបុគ្គលិក និងធនធានរបស់យើងជាយុទ្ធសាស្រ្ត ដើម្បីការពារសុវត្ថិភាពសាធារណៈជន ខណៈកំពុងការពារសិទ្ធិរបស់បុគ្គលគ្រប់រូប ក្នុងការតវ៉ាដោយសន្តិវិធី»។

លោក McDonald ក៏បាននិយាយលើកឡើងអំពីវត្តមានរបស់ទាហានម៉ារីនអាមេរិក នៅក្នុងទីក្រុងនេះផងដែរ ដោយនិយាយថា ពុំមានការសម្របសម្រួលសកម្មភាពនេះទេ។ លោកនិយាយថា «កងម៉ារីន ដែលធ្វើការរួមគ្នាជាមួយឆ្មាំជាតិរបស់កងទ័ព គឺស្ថិតនៅក្នុងការរៀបចំដូចគ្នា ហើយបេសកកម្មរបស់ក្រុមនេះក៏ដូចគ្នា ប៉ុន្តែបេសកកម្មរបស់ពួកគេមិនធ្វើការជាមួយយើងនៅតាមដងផ្លូវនានាដើម្បីរក្សាសណ្តាប់ធ្នាប់ ស្តារសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពរបស់មនុស្សគ្រាប់គ្នាទេ»។
បាតុកម្មជាច្រើន បានកើតឡើងនៅក្នុងទីក្រុងផ្សេងៗទៀតនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ រួមទាំងទីក្រុង New York និងទីក្រុង Chicago។ ទីក្រុងនានា នៅទូទាំងសហរដ្ឋអាមេរិកកំពុងត្រៀមទប់ទល់បាតុកម្មជាច្រើនបន្ថែមទៀត នៅពេលដែលមានមនុស្សជាច្រើនប្រឆាំងទៅនឹងការដង្ហែរក្បួនព្យុហយាត្រាយោធានៅចុងសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោន ដែលប្រារព្ធខួបលើកទី២៥០នៃកងទ័ពសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងកើតឡើងនៅតាមដងផ្លូវជាច្រើនកន្លែង។
