ភ្នំពេញ៖ ស្ថាប័នចំនួន៣រួមមាន៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រុមហ៊ុន នរៈ ស្ទីឌីយូ នៅល្ងាចថ្ងៃទី២៣ ខែធ្នូនេះ បានព្រមព្រៀងគ្នា បង្កើនការចុះថតបង្កើតជាវីដេអូខ្លីជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្ហាញពីការត្រៀមលក្ខណៈ និងរបៀបនៃការទៅដើរកម្សាន្តនៅតាមបណ្តាគោលដៅទេសចរណ៍សំខាន់ ជាពិសេសតំបន់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នានារបស់កម្ពុជា។
បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍បានថ្លែងប្រាប់BTVថា នៅពេលពេលនេះ ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើ MOUព្រមព្រៀមជាមួយក្រុមហ៊ុន នរៈស្ទីឌីយ៉ូ ធ្វើជាដៃគូមួយបន្ថែមទៀត ក្នុងរយៈពេលបីឆ្នាំ ដើម្បីផលិតជាវីដេអូទេសចរណ៍ថ្មី និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ ព្រមទំាងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍អោយមានភាពទាក់ទាញភ្ញៀវជាតិអន្តរជាតិទៅទស្សនាកម្សាន្ត។
លោក ឡោ វុឌ្ឍី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន នរៈស្ទីឌីយ៉ូ ថ្លែងថា អស់រយៈពេលជាង ៥ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានធ្វើកិច្ចការងារនេះជាមួយក្រសួងទេសចរណ៍ ហើយតាមរយៈ MOUថ្ងៃនេះ ក្រុមការងារលោកនឹងបង្កើនការប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ ក្នុងការផលិតវីដេអូ ដើម្បីចូលរួមកម្មវិធីប្រលងប្រណាំងនៅក្នុងព្រឹត្តិការណ៍នានា ដើម្បីធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗ ពិសេសគោលដៅសហគមន៍ អេកូទេសចរណ៍ និងទេសចរណ៍ផ្សេងព្រេង ដែលកំពុងក្លាយជានិន្នាការថ្មីនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅទូទាំងប្រទេសកម្ពុជា មានតំបន់ទេសចរណ៍ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ជាច្រើនកន្លែង ខណៈបច្ចុប្បន្នក្រសួងទេសចរណ៍បានរៀបចំសៀវភៅបញ្ជីសារពើភណ្ឌតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឡើងវិញ ដោយបានបង្ហាញគោលដៅទេសចរណ៍ប្រមាណជិត ១១០០កន្លែង អាចទៅលេងកម្សាន្ត ហើយនៅក្នុងគោលដៅទេសចរណ៍នីមួយៗ មានកន្លែងដើរកម្សាន្តដែលមានទាក់ទាញរាប់ពាន់កន្លែងទៀត។
ឯកឧត្តម តុប សុភ័ក បន្ត បន្តថា តាមរយៈកិច្ចព្រមព្រៀង និងការបង្កើនផលិតវីដេអូខ្លីស្តីពីដំណើរកម្សាន្តតាមគោលដៅទេសចរណ៍ថ្មីនៅកម្ពុជា នឹងជម្រុញចលនាទេសចរជាតិ អន្តរជាតិមានកំណើនឡើង ជាពិសេសជម្រុញពលរដ្ឋខ្មែរទូទៅ ទៅលេងកម្សាន្តស្គាល់ទឹកដីជាតិខ្មែរខ្លួនឯងអោយបានច្បាស់ មុននឹងដើរកម្សាន្តទៅក្រៅប្រទេស៕
អត្ថបទ ស៊ុម សុខជា