ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃសុក្រ ទី១៣ ខែមិថុនា ថា សន្និសីទអង្គការសហប្រជាជាតិ ដែលរៀបចំដោយប្រទេសបារាំង និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានពន្យារពេល បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារដោយយោធាទៅលើប្រទេសអ៊ីរ៉ង់។
ប្រភពចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា សន្និសិទនឹងត្រូវពន្យារពេល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ព្រោះវាពិបាកសម្រាប់ប្រទេសនានានៅក្នុងតំបន់ដើម្បីមកចូលរួម។ លោក Macron បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ការពន្យារពេលនេះ មិនអាចធ្វើឱ្យខូចដល់ការប្តេជ្ញាចិត្តរបស់យើងក្នុងការឈានឆ្ពោះទៅមុខជាមួយនឹងការអនុវត្តដំណោះស្រាយរដ្ឋពីរនោះទេ» ។
លោកបាននិយាយបន្ថែមថា «ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្ញុំដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន»។ ប្រទេសបារាំង និងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានកំណត់ពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅចន្លោះថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែមិថុនា នៅទីក្រុងញូវយ៉ក ក្នុងគោលបំណងដាក់ចេញនូវការកំណត់សម្រាប់ផែនទីបង្ហាញផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន ខណៈធានាបានសន្តិសុខរបស់អ៊ីស្រាអែល។
លោក Macron ដែលត្រូវបានកំណត់ឱ្យចូលរួមនៅថ្ងៃទី១៨ ខែមិថុនា ដែលកាលពីពេលកន្លងទៅ បាននិយាយថា ប្រទេសបារាំងអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងដែនដីកាន់កាប់ដោយអ៊ីស្រាអែល នៅក្នុងសន្និសីទសារព័ត៌មាន ជាចំណាត់ការដែលអ៊ីស្រាអែលប្រឆាំង។
