រូបភាពដែលបានចេញផ្សាយដោយប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា បង្ហាញពី មេដឹកនាំលោក គីម ជុងអ៊ុន កំពុងពិនិត្យមើលរោងចក្រឧស្សាហកម្មផ្នែកយោធាជាមួយកូនស្រីរបស់លោក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា លោក Kim បានទៅមើលខ្សែបណ្តាញ សម្រាប់គាបលោហៈ និងដំឡើង កាលពីថ្ងៃសុក្រ ដោយបានពិនិត្យមើលវឌ្ឍនភាពនៃការផលិតគ្រាប់ផ្លោងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥នេះ និងបានស្នើក្រុមការងារថ្មីៗជំរុញឲ្យមានគុណភាពល្អប្រសើរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ KCNA បានឱ្យដឹងថា លោក Kim បានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញការផលិតគ្រាប់ផ្លោងឈានមុខសម្រាប់សង្គ្រាមទំនើប ដោយពង្រីកសមត្ថភាព ដំណើរការសម្រួល និងជំរុញការផលិតយានដ្រូន។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំណាត់ការដែលបានផ្សព្វផ្សាយជាសាធារណៈរបស់លោក គីម បានផ្តោតលើការពង្រឹងវិស័យយោធា និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងភាគច្រើនបាននៅស្ងៀមស្ងាត់ចំពោះការរិះគន់ប្រឆាំងកូរ៉េខាងត្បូង។
