អ៊ីរ៉ង់កាលពីថ្ងៃសុក្រ បានប្រកាសដកខ្លួនចេញពីកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងយោធា និងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
នៅព្រឹកថ្ងៃដដែល អ៊ីស្រាអែលបានបើក «ការវាយប្រហារមុន» ដោយកំណត់គោលដៅទៅទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មេដឹកនាំយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ ដែលជាការកើនឡើងភាពតានតឹងគួរឲ្យកត់សម្គាល់ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

ដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃសុក្រ បានប្តេជ្ញាថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងធ្វើឲ្យអ៊ីស្រាអែល «រងទុក្ខវេទនា» ខណៈដែលមីស៊ីលរាប់សិបគ្រាប់ ត្រូវបានបាញ់នៅអ៊ីស្រាអែល កាលពីយប់ថ្ងៃសុក្រ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) ជំរុញឲ្យភាគីពាក់ព័ន្ធដោះស្រាយការខ្វែងគំនិតគ្នា តាមមធ្យោបាយនយោបាយ។ នេះបើយោងតាមអ្នកនាំពាក្យរងរបស់ប្រធាន UN ។
ការចរចានុយក្លេអ៊ែរជុំទី៦ជាមួយអាមេរិក ដែលបានលុបចោលនេះ គ្រោងនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ក្នុងក្រុង Muscat របស់ប្រទេសអូម៉ង់។
