អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ រួមទាំងទីតាំង នុយក្លេអ៊ែរ។
លោក Grossi បានថ្លែងប្រាប់កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខថា៖«ខ្ញុំសូមរំលឹកឡើងវិញថា សកម្មភាពយោធាណាក៏ដោយ ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព និងសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរ និងបង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនអ៊ីរ៉ង់ តំបន់ និងលើសពីនេះទៅទៀត»។

ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ទាំងមនុស្ស និងបរិស្ថាន គ្រឿងបរិក្ខារនុយក្លេអ៊ែរ មិនត្រូវរងការវាយប្រហារឡើយ ទោះជាក្នុងបរិបទ ឬកាលៈទេសៈបែបណាក៏ដោយ។ លោកបាននិយាយថា ការវាយប្រហារបែបនេះ មានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខ និងការការពារ ក៏ដូចជាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
លោក Grossi បានថ្លែងដោយលើកឡើងពីសេចក្តីសម្រេចរបស់ IAEAថា រាល់ការវាយប្រហារដោយប្រដាប់អាវុធ ឬការគំរាមកំហែងប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ ដែលផ្តោតលើគោលបំណងសន្តិភាព គឺជាការរំលោភលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងលក្ខន្តិកៈរបស់IAEA។
លោកបាននិយាយថា IAEA បន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។ មជ្ឈមណ្ឌលឧប្បត្តិហេតុ និងសង្គ្រោះបន្ទាន់របស់ទីភ្នាក់ងារនេះ បានរក្សាទំនាក់ទំនងជាបន្តបន្ទាប់ ជាមួយអាជ្ញាធរអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារ ដោយបញ្ជាក់ជាទៀងទាត់អំពីស្ថានភាពនៃគ្រឿងបរិក្ខារនានា។ លោក Grossi បានបន្ថែមថា លើសពីនេះទៀត IAEA បានបង្កើតក្រុមការងារមួយ ដើម្បីតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
