មីស៊ីលជិត ១០០គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ភាគកណ្តាល និងភាគខាងជើង នៃប្រទេសអ៊ីស្រាអែល ក្នុងការប្រហារដ៏ធំចំនួនពីរ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ និងបានបណ្តាលឲ្យមនុស្សចំនួន ៤១នាក់ រងរបួស។ នេះបើយោងតាមយោធាអ៊ីស្រាអែល និងសេវាកម្មសង្គ្រោះជាតិ Magen David Adom (MDA)។
សេវាសង្គ្រោះជាតិ MDA បានរាយការណ៍ថា មនុស្សពីរនាក់ បានរងរបួសធ្ងន់ធ្ងរ ពីរនាក់មធ្យម ៤នាក់ ស្រាល-មធ្យម ខណៈដែលបុគ្គលដែលនៅសេសសល់ បានរងរបួសស្រាល ឬរោគសញ្ញា ដែលទាក់ទងនឹងរបួស រួមទាំងការវាយប្រហារបង្កឲ្យភ័យស្លន់ស្លោ។

បន្ទាប់ពីការបាញ់នោះ ស៊ីរ៉ែនការពារដែនអាកាស ត្រូវបានធ្វើឲ្យដំណើរការ ដោយបានបញ្ជូនអ្នកស្រុករាប់លាននាក់ ទៅកាន់បន្ទប់និងជម្រកដែលមានការការពារ អស់រយៈពេលជាងមួយម៉ោង។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Effie Defrin បាននិយាយថា មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស ឬមិនបានទៅដល់គោលដៅរបស់ពួកវា។ លោកបានកត់សម្គាល់ថា អ្នករងរបួសដែលត្រូវបានគេរាយការណ៍ បានកើតឡើង នៅក្នុងអគារដោយមួយចំនួនបណ្តាលមកពីបំណែកមីស៊ីលដែលស្ទាក់ចាប់ទាំងនោះ។
