ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល បានកើនឡើងដល់ ៣ នាក់ និង ៩១នាក់ ផ្សេងទៀត បានរងរបួស។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។
ស្ត្រីម្នាក់ដែលបានរងរបួសក្នុងរលកទី១នៃការវាយប្រហារដោយមីស៊ីលពីប្រទេសអ៊ីរ៉ង់ បានស្លាប់ដោយសាររបួសរបស់ខ្លួន។ នេះបើយោងតាមទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan។
ប្រព័ន្ធផ្សព្វផ្សាយនេះ បានរាយការណ៍ថា ជនជាតិអ៊ីស្រាអែលពីរនាក់ទៀត ដែលរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលមួយទៀត នៅភាគកណ្តាលអ៊ីស្រាអែល ត្រូវបានប្រកាសថា បានស្លាប់។

យោងតាមទូរទស្សន៍ Kan បានឲ្យដឹងថា ចំនួនប្រជាជនអ៊ីស្រាអែល បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ បានកើនឡើងដល់ ៩១នាក់ ដោយបីនាក់ក្នុងចំណោម ២១នាក់ បានរងរបួស ក្នុងស្ថានភាពខ្លាំង ឬធ្ងន់ធ្ងរ នៅក្នុងរលកចុងក្រោយនៃការវាយប្រហារដោយមីស៊ីល។
ទូរទស្សន៍ Channel 12 បានរាយការណ៍ថា ជនជាតិអ៊ីស្រាអែលប្រហែល ៣០០នាក់ នៅទីក្រុង Greater Tel Aviv ត្រូវបានជម្លៀសចេញ បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវរងការខូចខាត ខណៈដែលជនជាតិអ៊ីស្រា អែលចំនួន ១០០នាក់ ត្រូវបានជម្លៀសចេញ នៅក្នុងទីក្រុង Ramat Gan ក្បែរទីក្រុងតែលអាវីវ។
យោងតាមសារព័ត៌មានប្រចាំថ្ងៃ Haaretz បានឲ្យដឹងថា គ្រាប់រ៉ូកែតរបស់អ៊ីរ៉ង់ បានបំផ្លាញអគារចំនួន ៩ ទាំងស្រុង និងបានបង្កការខូចខាតដល់ផ្ទះល្វែងរាប់រយខ្នង និងយានជំនិះជាច្រើនគ្រឿង នៅក្នុងទីក្រុង Ramat Gan។
