ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក Patrice Vignes នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (foodpanda) ចូលជួបសម្តែងការគួរ និងពិភាក្សាអំពីការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា និងទីផ្សារការងារសម្រាប់យុវជន។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានធ្វើការវិនិយោគ បង្កើតសេវាដឹកជញ្ជូននៅកម្ពុជា។ ចំពោះការវិនិយោគនេះទៀតសោត ពិតជាបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្តល់ការងារដល់យុវជន និងជាការនាំមកនូវសេវាថ្មីមួយទៀតចូលមកកម្ពុជាផងដែរ។
ឯកឧត្តម បានលើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ក្រុមហ៊ុនបានផ្តល់ការផ្គត់ផ្គង់អាហារមកដល់ពលរដ្ឋ កម្ពុជាបានយ៉ាងល្អ។ ជាមួយគ្នានេះ ឯកឧត្តមចង់ឲ្យខាង Foodpanda បង្កើតភាពជាដៃគូតាមរយៈការអភិវឌ្ឍធនធានមនុស្ស ដោយក្រសួងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អាចបង្កើតជាមេរៀនបង្រៀនក្នុងរយៈពេលទាំងខ្លី និងមធ្យម។ និងឲ្យមានការបណ្តុះបណ្តាលជំនាញទន់ថែមទៀត ដើម្បីធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។
ឯកឧត្តម គូសបញ្ជាក់ថា យើងអាចធ្វើកិច្ចព្រមព្រៀងលើអនុស្សរណៈរួមគ្នា ថាតើក្រសួងអាចជួយអ្វីខ្លះទៅដល់ក្រុមហ៊ុនបាននឹងក្លាយជាដៃគូសហការដ៏ជិតស្និតជាមួយគ្នានាពេលអនាគត។
ជាការឆ្លើយតលោកនាយគ្រប់គ្រង បានបង្ហាញក្តីរីករាយ ដែលបានធ្វើការជាដៃគូជាមួយក្រសួងការងារ លើកិច្ចការអាទិភាពមួយចំនួននេះ ដែលអាចនិយាយបានថា កិច្ចសហការនេះ នឹងផ្តល់ផលប្រយោជន៍ដល់បុគ្គលិករបស់ ក្រុមហ៊ុនផង និងភាពរីកចម្រើនរបស់ក្រុមហ៊ុនថែមទៀត និងពេញចិត្តចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួង ដើម្បីធានាបាននូវកិច្ចសហការដ៏យូរអង្វែង និងកាន់តែមានប្រសិទ្ធភាព។
លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងប្តេជ្ញាចិត្តធ្វើការវិនិយោគកាន់តែធំជាងនេះបន្ថែមទៀត នៅកម្ពុជាដោយមានផែនទីបង្ហាញផ្លូវបង្កើតជាប្រព័ន្ធស្តង់ដារមួយ ឲ្យមានការគាំទ្រពីអ្នកប្រើប្រាស់សេវានេះឲ្យកាន់តែច្រើនបន្ថែមទៀ ខណៈដែលក្រុមហ៊ុនលោកចាប់ផ្តើមសេវាដឹកជញ្ជូនគ្រឿងទេស និងដឹកជញ្ជូនម្ហូបអាហារទូទៅ ដោយមានបុគ្គលិក៨ពាន់នាក់ និងត្រូវការកម្លាំងពលកម្មបន្ថែមទៀតនាពេលខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី