មន្ត្រីអាមេរិក បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក និងគ្រឿងយុទ្ធោបករណ៍របស់កងទ័ពជើងទឹកនៅមជ្ឈិមបូព៌ា បានជួយអ៊ីស្រាអែលបាញ់ទម្លាក់មីស៊ីលបាលីស្ទីកកាលពីថ្ងៃសុក្រ ដែលទីក្រុងតេហេរ៉ង់ បានបាញ់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងក្រុមមេដឹកនាំយោធាជាន់ខ្ពស់។

សហរដ្ឋអាមេរិក មានទាំងប្រព័ន្ធការពារកាំជ្រួច Patriot ដែលមានមូលដ្ឋានលើដី និងប្រព័ន្ធការពារប្រឆាំងមីស៊ីលបាលីស្ទីកទាំងរយៈចម្ងាយខ្លីនិងមធ្យម នៅក្នុងតំបន់ ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីលបាលីស្ទីក ដែលអ៊ីរ៉ង់បានបាញ់នៅក្នុងការវាយប្រហារសងសឹកចំពោះការវាយប្រហារដំបូងរបស់អ៊ីស្រាអែល។
មន្ត្រីម្នាក់ បាននិយាយថា គ្រឿងយុទ្ធោបករណ៍របស់កងទ័ពជើងទឹក ក៏ចូលរួមក្នុងការជួយអ៊ីស្រាអែលផងដែរ នៅពេលដែលអ៊ីរ៉ង់ បានបាញ់មីស៊ីលទៅកាន់ទីក្រុងតែលអាវីវ។ ភ្លាមៗនោះពុំច្បាស់ថាតើនាវាបានបាញ់ស្ទាក់ចាប់ ឬប្រព័ន្ធតាមដានមីស៊ីលកម្រិតខ្ពស់របស់ពួកគេ បានជួយអ៊ីស្រាអែលកំណត់គោលដៅដែលចូលមកក្នុងប្រទេសនេះដែរយ៉ាងណាទេ។
សហរដ្ឋអាមេរិក ក៏កំពុងផ្លាស់ប្តូរធនធានយោធា រួមទាំងនាវាផងដែរ នៅមជ្ឈិមបូព៌ា ដើម្បីឆ្លើយតបនឹងការវាយប្រហារនេះដែរ។
