ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា-ចិន និងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ អាសិប (RCEP) នឹងត្រូវដាក់ចូលជាធរមាន។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា កិច្ចព្រមព្រៀងទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីៗជាច្រើនមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជាបន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ និងការងារ ថ្មីៗជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម បានបន្តថា ទោះបីជាកម្ពុជាជួបបញ្ហាប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ក្រសួងបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកលលោក ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាពិសេសការចរចាបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងបន្តថា ក្រសួងនៅមានបេសកកម្មចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីថ្មីៗបន្ថែមទៀតជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន មានដូចជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលីជាដើម។
ឯកឧត្តម បានឲ្យដឹងទៀតថា ក្នុងរយៈពេលខាងមុខក្រសួងក៏បានខិតខំចរចាផងដែរ ដើម្បីកម្ពុជាអាចចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាច្រើន ជាមួយប្រទេសជាដៃគូមួយចំនួនដូចជា បេឡារុស ហុងគ្រី គុយវែត និងម៉ូរីសជាដើម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រជាដើម។
យោងតាមសន្ទរកថារបស់ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ថ្វីត្បិតតែតម្លៃនាំចេញក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ មានចំនួន ១៥ ៧២៩លានដុល្លារអាម៉េរិក ដែលមានការធ្លាក់ចុះចំនួន ០.១២ភាគរយ បើធៀបនឹង រយៈពេលដូចគ្នានឹងឆ្នាំ២០២០ក៏ដោយ ប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១នេះ នឹងមានប្រមាណ ២,៤ភាគរយ។ ដោយឡែក សម្រាប់ឆ្នាំ២០២២ កំណើនដែលបានធ្វើការព្យាករណ៍ គឺមានរហូតដល់ ៤,៨ភាគរយ ក្នុងករណីការអនុវត្តគោលនយោបាយបានល្អប្រសើរតាមការគ្រោងទុក៕អត្ថបទ៖ ឈិត បូរ៉ាវី