សម្តេចប៉ាប ឡេអូ នៅថ្ងៃសៅរ៍ (ទី១៤ ខែមិថុនា)នេះ បានអំពាវនាវ ឲ្យអាជ្ញាធរក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល ធ្វើសកម្មភាពដោយមាន «ហេតុផលត្រឹមត្រូវ» បន្ទាប់ពីការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ និងបន្តការសន្ទនា។

សម្តេចប៉ាប បានថ្លែងប្រាប់ទស្សនិកជន នៅវិហារ St. Peter's Basilica ថា ព្រះអង្គកំពុងតាមដានស្ថានភាពនេះ ដោយ«ក្តីបារម្ភយ៉ាងខ្លាំង»។
សម្តេចបានមានព្រះបន្ទូលថា៖ «ក្នុងពេលដ៏ល្អនេះ ព្រះអង្គមានបំណងចង់បន្តការអំពាវនាវឲ្យមានការទទួលខុសត្រូវ និងមានហេតុផលត្រឹមត្រូវ»។
ព្រះអង្គ បានថ្លែងថា៖«ការប្តេជ្ញាចិត្តក្នុងការកសាងពិភពលោក ដែលមានសុវត្ថិភាពជាងមុន ពីការគំរាមកំហែងនុយក្លេអ៊ែរ ត្រូវតែធ្វើឡើង តាមរយៈការជួបប្រកបដោយការគោរព និងកិច្ចសន្ទនាដោយស្មោះត្រង់ ដើម្បីកសាងសន្តិភាពយូរអង្វែង ដែលបង្កើតឡើងដោយផ្អែកលើយុត្តិធម៌ ភាតរភាព និងផលប្រយោជន៍រួម»។
សម្តេចប៉ាប ឡេអូ បានមានព្រះបន្ទូលទៀតថា៖«ពុំគួរមាននរណាម្នាក់ គំរាមកំហែងដល់អត្ថិភាពរបស់អ្នកផ្សេងនោះទេ ។ «នេះ គឺជាកាតព្វកិច្ចរបស់ប្រទេសទាំងអស់ ក្នុងការគាំទ្របុព្វហេតុសន្តិភាព ដោយចាប់ផ្តើមផ្លូវនៃការផ្សះផ្សា និងការលើកកម្ពស់ដំណោះស្រាយ ដែលធានាសន្តិសុខ និងសេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា»។
