ភ្នំពេញ៖ បើទោះបីជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួលដោះស្រាយករណីវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត និងភាគីបុគ្គលិកសហជីព យ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែចម្រោងចម្រាស់ ដោយសារភាគីទាំងពីរប្រកាន់គោលជំហររៀងៗខ្លួន បន្តអូសបន្លាយការតវ៉ាមកដល់ពេលនេះ មានរយៈពេល ៧ថ្ងៃហើយ។
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះកម្មករបុគ្គលិក និងសហជីពសរុបជាង២០០នាក់បានបន្តមកធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើល និងបានធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង០៩ និង៣០នាទីព្រឹក។
តំណាងសហជីព បានលើកឡើងថា កម្មករសរុប ៣៦៥នាក់ដែលទាមទាឲ្យក្រុមហ៊ុនទទួលបានចូលធ្វើការងារវិញ ឥលូវនេះ នៅសល់តែចំនួន២៧៦នាក់ប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនមានលទ្ធភាពអាចទទួលឲ្យចូលបំរើការងារវិញបាន។ ចំពោះក្រុមកម្មករ បុគ្គលិកចុះកម្មសិក្សា គឺសំណូមពរដល់ក្រុមហ៊ុនឲ្យទទួលចូលធ្វើការវិញ និងបញ្ចូលជាបុគ្គលិកពេញសិទ្ធិ។
តំណាងសហជីព បន្ថែមថា រយៈពេល០៣ថ្ងៃ ដែលតំណាងកម្មករសហជីពចូលស្ដាប់ និងជជែករកដំណោះស្រាយជាមួយអាជ្ញាធរ គឺមិនមានដំណោះស្រាយណាមួយដែលអាចទទួលយកបានឡើយ។
នៅក្នុងសេចក្តីប្រកាសព័តមាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត និងភាគីសហជីព ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោយពីការប្រជុំពិភាក្សា ភាគីទាំងពីរនៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់វិវាទនៅឡើយ ដោយសារតំណាងក្រុមហ៊ុន នឹងពិចារណាលើរូបមន្តក្នុងការគណនាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន ៨៥នាក់ ដែលបានឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ប៉ុន្តែក្រុមហ៊ុនមិនព្រមទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាផ្សេងទៀតឲ្យចូលធ្វើការវិញទេ។
ដោយឡែក តំណាងកម្មករនិយោជិត ភាគីសហជីព ទាមទារឲ្យដោះស្រាយជាកញ្ចប់ ដោយតម្រូវឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាឲ្យចូលធ្វើការជាមុន ទើបកម្មកនិយោជិតចំនួន ៨៥នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់។
ពាក់ព័ន្ធបញ្ហាខាងលើ កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ នៅសាលារាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារនេះដែរ ប៉ុន្តែជាលទ្ធផលភាគីទាំងពីរពុំបានរំសាយការប្រមូលផ្តុំគ្នាធ្វើការសំដែងមតិដោយខុសច្បាប់ តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយបង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៕អត្ថបទ ៖ ម៉ឺន កុម្ភៈ




