សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយថា ស្រ្តី ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ក្រោយអ៊ីរ៉ង់វាយប្រហារតំបន់ភាគខាងជើងអ៊ីស្រាអែល ហើយការបាញ់ស្កាត់មីស៊ីល ត្រូវបានមើលឃើញលើទីក្រុងហ្សេរុយសាឡឹម និងទីក្រុងតែល អាវីវ ។

ក្រុមសង្រ្គោះបន្ទាន់ បានរុករកតាមគំនរបាក់បែកអគារដែលបានបាក់រលំនៅទីក្រុង Tamra ។ យោធាអ៊ីស្រាអែល និយាយថា មីស៊ីលជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះមកកាន់អ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ ហើយពួកគេបានធ្វើការបាញ់ស្កាត់ ។

ពួកគេនិយាយផងដែរថា ពួកគេបានវាយប្រហារគោលដៅយោធាជាច្រើនកន្លែងនៅទីក្រុងតេអេរ៉ង់ រួមទីស្នាក់កណ្តាលក្រសួងការពារជាតិអ៊ីរ៉ង និងដឺប៉ូប្រេងផងដែរ ។
កាំជ្រួចផ្លោងជាច្រើនគ្រាប់ ត្រូវបានគេមើលឃើញនៅលើមេឃនាពេលយប់លើទីក្រុងហ្សេរុយសាឡឹមកាលពីយប់ថ្ងៃសៅរ៍ ។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសពុំបានបន្លឺឡើងនោះទេនៅក្នុងទីក្រុងមួយនេះ ប៉ុន្តែគេបានឮនៅទីក្រុងភាគខាងជើង Haifa ។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយថា មីស៊ីល និងយានដ្រូនអ៊ីរ៉ង់ បានវាយប្រហារគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងផលិតប្រេងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល ។
ពួកគេបានព្រមានថា ការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ នឹងកាន់តែខ្លាំងក្លា ហើយធ្ងន់ធ្ងរជាងនេះ បើសិនជាអ៊ីស្រាអែល នៅតែបន្តអរិភាពរបស់ខ្លួន ៕