វិមានក្រឹមឡាំង និយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump រយៈពេល ៥០នាទីកាលពីថ្ងៃសៅរ៍ ដោយរូបលោកបានថ្កោលទោសប្រតិបត្តិការយោធារបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ និងបានបង្ហាញក្តីបារម្ភចំពោះហានិភ័យនៃការកើនឡើងភាពតានតឹង ។

លោក Yuri Ushakov គឺជាជំនួយការវិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Vladimir Putin បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយនិងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពនៃការកើនឡើងជម្លោះ ដែលបង្កផលវិបាកពុំអាចព្យាករបានសម្រាប់ស្ថានភាពទាំងមូលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។

លោក Ushakov និយាយថា លោក Trumpសម្រាប់ការរួមចំណែករបស់លោក ក៏បានចាត់ទុកហេតុការណ៍នៅតំបន់មជ្ឈិមបូព៌ាថា គួរឲ្យព្រួយបារម្ភខ្លាំងផងដែរ ហើយមេដឹកនាំទាំង ២ បាននិយាយថា ពួកគេពុំច្រានចោលនោះទេចំពោះការវិលត្រឡប់មករកផ្លូវចរចាវិញលើកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ ។
លោក Ushakov និយាយទៀតថា ជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែន លោក Putinនិយាយប្រាប់មេដឹកនាំសហរដ្ឋអាមេរិកថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការបន្តចរចាជាមួយអ៊ុយក្រែន ក្រោយថ្ងៃទី ២២ ខែមិថុនាខាងមុខនេះ ៕