អាជ្ញាធរសុខភាពប៉ាឡេស្ទីននិយាយថា ការបាញ់ប្រហារ និងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៧៩នាក់នៅទូទាំងតំបន់ហ្កាហ្សា ហើយអ្នកស្លាប់ក្នុងចំណោមពួកគេ នៅជិតទីតាំងចែកចាយជំនួយដែលប្រតិបត្តិការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF) គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
គ្រូពេទ្យបឋមនៅមន្ទីរពេទ្យ al-Awda និងមន្ទីរពេទ្យ Al-Aqsa ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ជាទីដែលមានមនុស្សគ្រោះថ្នាក់ច្រើនបំផុតនោះ និយាយថា មនុស្សយ៉ាងហោច ១៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ពេលដែលពួកគេព្យាយាមទៅជិតទីតាំងចែកចាយជំនួយរបស់អង្គភាព GHF ជិតច្រករបៀង Netzarim ។

ពួកគេបន្តថា ជនប៉ាឡេស្ទីនផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នានៅទូទាំងតំបន់ឡោមព័ទ្ធមួយនេះ ។
មូលនិធិ GHF និយាយថា ពួកគេបានបិទទីតាំងចែកចាយជំនួយកាលពីថ្ងៃសៅរ៍ ប៉ុន្តែសាក្សីនិយាយថា មនុស្សនៅតែបន្តជួបជុំគ្នាក្បែរទីតាំងទាំងនោះ ដើម្បីស្វែងរកអាហារ ស្របពេលដែលការបិទច្រកដ៏ឃោឃៅរយៈពេល ១៥សប្តាហ៍របស់អ៊ីស្រាអែល និងយុទ្ធនាការយោធារបស់ពួកគេ បានធ្វើឲ្យដែនដីមួយនេះ ស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ចាប់តាំងពីមូលនិធិ GHF ចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេកាលពីខែមុន ជនប៉ាឡេស្ទីនយ៉ាងហោច ២៧៤នាក់ ត្រូវបានសម្លាប់ ហើយមនុស្សជាង ២ពាន់នាក់ផ្សេងទៀត បានរងរបួសនៅជិតទីតាំងចែកចាយជំនួយរបស់ពួកគេ ៕
